ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិបើកកិច្ចប្រជុំនៅថ្ងៃទី២៤ ខែកក្កដាស្តីពីស្ថានភាពអីុស្រាអែលនិងប៉ាឡេស្ទីន

ចែករំលែក៖

ស្ថានភាពហឹង្សារវាងអីុស្រាអែលនឹងប៉ាឡេស្ទីនកាន់តែក្តៅខ្លាំងឡើង ដោយសារតែការដាក់ប្រព័ន្ធត្រួតពិនិត្យសន្តិសុខ នៅច្រកទ្វារចូលព្រះវិហារ។ នៅពេលនេះ បារាំង ស៊ុយអែត និងអេហ្ស៊ីប បានស្នើកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីស្វែងរកដំណោះ ស្រាយ កាត់បន្ថយភាពតានតឹង។

ហ្សេរុយសាឡឹម ស៊ីហ្ស៊កដានី តំបន់ក្រោមអាណានិគមរបស់អុីស្រាអែល ដែល គ្មានអន្តរជាតិណាទទួលស្គាល់ កំពុងស្ថិត ក្នុងភាពតានតឹងបំផុត តាំងពីជាងមួយ សប្តាហ៍មកហើយ។ សម្ព័ន្ធអារ៉ាប់បាន បន្ទោសអ៊ីស្រាអែល ថាកំពុងប្រឡែងនឹង ភ្លើង! ការប៉ះទង្គិចរវាងប៉ូលិសអុីស្រាអែលនឹងបាតុករប៉ាឡេស្ទីនមានរាល់ថ្ងៃ ប៉ុន្តែភាពប្រឈមក្លាយជាអំពីហិង្សា មានដល់ស្លាប់ និងរបួសជាច្រើននាក់ បានផ្ទុះឡើងកាលពី ថ្ងៃសុក្រ និងបន្តមកទល់នឹងថ្ងៃសៅរ៍កន្លងមកនេះទៀត។ ជនប៉ាឡេស្ទីនពីរនាក់បាន ស្លាប់ ដោយគ្រាប់កាំភ្លើងរបស់ប៉ូលិស អុីស្រាអែល។

អំពើហិង្សា បានកើតឡើងនៅពេល ក្រុមបាតុករ ប៉ាឡេស្ទីនពីរនាក់បានស្លាប់ នៅក្នុងការប្រឈមមុខជាមួយនឹងកងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅក្រុងហ្សេរុយសា ឡឹម និងនៅ ស៊ីហ្ស៊កដានី។ បណ្តាជនប៉ាឡេស្ទីននៅតែបន្តស្រែកទាមទារ ឱ្យអុីស្រាអែលលុបចោលវិធានការសន្តិសុខ និងដកចេញទ្វារសុវត្ថិភាពចាប់ជាតិផ្ទុះ ដែលដាក់នៅមាត់ច្រកចូលទៅកាន់ទីលានវិហារ អ៊ិស្លាម។ ភាពតានតឹងនិងហិង្សាកំពុងបន្តឆាបឆេះ។

នៅចំពោះមុខការរីករាលដាលអំពើ ហិង្សានេះ ប្រទេសបារាំង អមដោយស៊ុយអែត និងអេហ្ស៊ីប បានស្នើបើកជំនួបប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃចន្ទនេះ ដើម្បី ជជែកគ្នាឱ្យបានឆាប់ៗថាតើត្រូវធ្វើសេចក្តីអំពាវនាវបែបណាសម្រាប់បញ្ចុះកំហឹង។

ក្នុងពេលនេះ ក្រុមQuartette (សហរដ្ឋ អាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និងអង្គការ សហប្រជាជាតិ) បានអំពាវនាវ ឱ្យភាគី ទាំងពីរ អ៊ីស្រាអែល និងប៉ាឡេស្ទីន ខំប្រឹង អត់ធ្មត់ បញ្ចៀសរាល់សកម្មភាពនាំឱ្យមានការញុះញង់ប្រើហិង្សា ហើយត្រូវធ្វើការរួម គ្នា ដើម្បីសម្រួលស្ថានការណ៍។ ក្រុមបួន ភាគីនេះ ចង់ឃើញអុីស្រាអែលនិងហ្ស៊ក ដានី កាន់ដៃគ្នារកដំណោះស្រាយរួម ដើម្បីសុវត្ថិភាពនិងសន្តិសុខគ្រប់ភាគី។ បើតាម សេចក្តីថ្លែងការណ៍របស់ក្រុម Quartette នាយករដ្ឋមន្ត្រីអុីស្រាអែលបានធានាអះអាងថាគោរពនិងរក្សា ទីតាំងស័ក្តិសិទ្ធិ តាម លក្ខន្តិកៈStatut quoហើយ។

ប៉ាឡេស្ទីនដែលបានប្រកាសផ្អាករាល់គ្រប់ទំនាក់ទំនងផ្លូវការជាមួយអុីស្រាអែល ត្រូវការឱ្យរដ្ឋាភិបាលអុីស្រាអែលលុបវិធានការនិងដកទ្វារសុវត្ថិភាពចាប់ជាតិផ្ទុះចេញពីទីលានក្រុងចាស់ ហ្សេរុយសាឡឹម ព្រោះ ទង្វើបែបនេះ គឺប្រៀបដូចអុីស្រាអែលចង់ក្រសោបគ្រប់គ្រងក្រុងហ្សេរុយសាឡឹម។ ទីលានហ្សេរុយសាឡឹម ជាក្រុងស័ក្តិសិទ្ធិ ជាទីសក្ការៈនៃសាសនាអ៊ិស្លាមផង សាសនា ជ្វីហ្វផង តែស្ថិតក្រោមការគ្រប់គ្រងរបស់ហ្ស៊កដានី៕ ម៉ែវ សាធី


ចែករំលែក៖