ព័ត៌មានទាន់ហេតុការណ៍៖

លោកយន្ត មីន ចូលរួមប្រជុំការងារច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧កន្លងមកនេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារច្រកចេញចូលតែមួយ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ-

លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានឲ្យដឹងថា មន្ទីរបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញ ចូលតែមួយ ដែលបានអនុវត្តរយៈពេលនៃការផ្តល់សេវាសាធារណៈតាមប្រកាសលេខ ០៨៩ប្រក.បក ចុះថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៣ របស់ក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ស្តីពីគោលការណ៍ និងនិតិវិធីនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ។

លោកប្រធានមន្ទីរដែនដីបន្តថា ការងារដែលយើងអនុវត្តបានកន្លងមកមានដូចជា វិស័យសំណង់មានការស្នើរសុំគ្រប់ប្រភេទចំនួន ០៤ករណី ។ អនុម័តគ្រប់ប្រភេទបានចំនួន ០៣ករណី និងប្រមូលសេវាសំណង់បានចំនួន ២២,០០០,០០០រៀល ។ ចំពោះវិស័យដីធ្លីស្នើរសុំគ្រប់ប្រភេទចំនួន ៦២៥ករណី អនុម័តគ្រប់ប្រភេទបានចំនួន ២៥៩ករណី និងប្រមូលសេវាសំណង់បានចំនួន ៩៣,៤៤០,០០០រៀល ។ ទន្ទឹមនឹងលទ្ធផលដែលមន្ទីរសម្រេចបានពេលនេះ គឺដោយសារការចូលរួមរបស់មន្ទីរដែនដី ការិយាល័យដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីក្រុង ស្រុកទាំងបួន បានបំរើសេវាតាមយន្តការច្រកចេញចូលតែមួយ ។

លោក នួន ប៉ុក បានបញ្ជាក់ថា ទន្ទឹមនោះក៍មានបញ្ហារប្រឈមមួយចំនួនមានដូចជា (ការចុះបញ្ជីដីធ្លីបំពេញបន្ថែម) រយៈពេលបិទផ្សាយលើកទី១ ទី២ និងរបាយការណ៍បូកសរុបឯកសារនៃការវិនិច្ឆ័យមានគម្លាតគ្នាឆ្ងាយ ឯកសារបង់ពន្ធនៅសាខាពន្ធដារមានពេលយូរជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋដាក់បន្ទុកមកលើមន្ទីររៀបចំដែនដី ក្នុងនោះការចូលរួមរបស់អាជ្ញាធរមួយចំនួននៅមានកម្រិត ប្រជាពលរដ្ឋខ្វះខាតពត៏មានក្នុងការចុះបញ្ជីដីធ្លី និងសំណង់ ការស្នើរសុំសេវាផ្សេងៗមានកាកើនឡើងខ្លាំង ។

លោក នួន ប៉ុកបានបន្តថា មន្ទីរមានទិសដៅ ជម្រុញមន្ត្រីឲ្យខិតខំបំរើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្តទៀត បញ្ជូនមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពការងារ ជម្រុញការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាតាមតម្រូវការ លុបបំបាត់អំពើរពុករលួយក្នុងស្ថាប័នអង្គភាព បន្តការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព គុណភាពអាចជឿទុកចិត្តបាន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងបង្កលក្ខណៈងាយ ស្រួលដល់អ្នកមកទទួលសេវានៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីកាន់តែល្អប្រសើរបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋយើង ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរចំពោះមន្ត្រីមន្ទីររៀបចំដែនដី ដែលបានខិតខំបំពេញការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋជាអាជីវករ ពាណិជ្ជករនាពេលកន្លងមកបានល្អប្រសើរ ដោយសារតែមន្ត្រីរបស់យើងមានជំនាញវេជ្ជាជីវៈគ្រប់គ្រាន់ និងមានសមត្ថភាពក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ថ្វីត្បិតតែការងារមួយចំនួនមានការលំបាកស្មុគស្មាញ យ៉ាងណាក៍ដោយ ក៍មន្ត្រីសុរិយោដីបានបំពេញការងារមិនក្លាចនឿយហត់ឆ្លងកាត់ភ្លៀង ខ្យល់ដោយមិនរុញរា ហើយរាល់សកម្មភាពនេះ សរបញ្ជាក់ថាមន្ត្រីសុរិយោដីក្រុង ស្រុកបានបំពេញការងារតាមជំនាញរៀងៗខ្លួនទទួលខុសត្រូវ បានលទ្ធផល្អប្រសើរ ទន្ទឹមនឹងអនុវត្តការងារបានល្អ យើងត្រូវតែខិតខំបន្តទៀត ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រោះយើងជាមន្ត្រីមានកាត្តព្វកិច្ចបំរើសេវាជូនប្រជាពលរដ្ឋដែលជាអ្នកមកទទួលសេវា ។

លោកយន្ត មីន សង្ឃឹមថា មន្ត្រីរបស់យើងនឹងបន្តអនុវត្តការងារតាមជំនាញរៀងៗខ្លួនកាន់តែស៊ីជម្រៅបន្ថែមទៀតតាមផែនការរបស់រាជរដ្ឋាភិបាល និងក្រសួងដែនដី និងបន្ត អនុវត្តការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឲ្យកាន់តែស៊ីជម្រៅ និងឆាប់រហ័សបើអាចធ្វើទៅបាន ហើយរដ្ឋបាលខេត្ត និងបន្តជួយសម្របសម្រួលការងារឲ្យមានភាពរលូន រហ័យ ទាន់ពេលវេលាជូនប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុបន្ថែមទៀត៕ ឆ្លាម សមុទ្រ


ចែករំលែក៖