ព័ត៌មានទាន់ហេតុការណ៍៖

មេគយច្រកអូររំដួល និងកូនចៅពិតជា​រួមគំនិត​យក​រថយន្ត​ជាវត្ថុតាង​គេចពន្ធទៅ​ចូលខារ៉ាអូខេពិតប្រាកដមែន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប៉ុន្មានថ្ងៃមកនេះ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាមួយនឹងសារព័ត៌មានក្នុងស្រុកជាច្រើន បាន​ផ្សព្វផ្សាយអំពី​ហេតុការណ៍ដែល​មន្ត្រីគយ ស្នាក់ការ​គយ និងរដ្ឋាករច្រកអូររំដួលរងនូវកណ្តាប់ដៃរបស់​នាយ​ទាហាន ក្នុងបន្ទប់ខារ៉ាអូខេ ដោយសារ​ផ្ទុះកំហឹង ខណៈនាយ​យោធារូបនោះឃើញពីសកម្មភាពរបស់​មន្ត្រីគយ និង​មេគយច្រកអូររំដួលនេះតែម្តង យកឡានរបស់គាត់​ ដែលគយចាប់ ទៅជិះ និង​ចូលខារ៉ាអូខេកម្សាន្តយ៉ាងរំភើយ​នោះ ។

រថយន្ត​ម៉ាកតូយ៉ូតា VIOS ពណ៌ស ចង្កូតស្តាំ នាំចូលពីប្រទេសថៃ គ្មានពន្ធនាំចូល ត្រូវបានគយច្រកអូររំដួលចាប់ ដើម្បី​ឲ្យម្ចាស់ចូលខ្លួនបង់ពន្ធ ប៉ុន្តែ​មន្ត្រីគយ រួមទាំងមេច្រកនេះតែម្តង បែរជាយកវត្ថុតាងបទល្មើស ឡានគេចពន្ធទៅជិះប្រើ​ប្រាស់ជាលក្ខណៈ​ឯកជន និងបើកដឹកគ្នាទៅចូលខារ៉ាអូខេយ៉ាងសប្បាយ​ ភ្លេចគិតពី​តួនាទី ភារកិច្ចរបស់ខ្លួន ទើបសាម៉ី ខ្លួនម្ចាស់ឡានទប់ចិត្តមិនបាន តាម​ទៅវាយមន្ត្រីគយដល់​ក្នុងបន្ទប់ខារ៉ាអូខេ ។

ពាក់ព័ន្ធនឹងអំពើដ៏មិនថ្លៃថ្នូរនេះ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ លោកយ៉ែម ខែមរ៉ាត ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកអូររំដួល បានបញ្ជាក់ប្រាប់សារព័ត៌មានថា រថយន្តខាងលើនេះ ត្រូវបានមន្ត្រីរបស់គាត់ចាប់រឹបអូសពីមន្ត្រីយោធាឈ្មោះថាន យុទ្ធឋាន ហៅគីម ហើយ​កូនចៅរបស់លោកឈ្មោះ ឈួន ឃីសាក់ មិនបាន​យកឡាន​ខាងលើនេះជិះ​ដើរលេងចូលខារ៉ាអូខេនោះឡើយ ។ តាមពិត រូបគាត់ គឺជាអ្នកជិះចេញពី​ស្នាក់ការ​កាលពីវេលាម៉ោង១០យប់ នៃថ្ងៃកើតហេតុ ខណៈមន្ត្រីរបស់គាត់​ពេល​ផឹកស៊ីជុំគ្នាហើយ ក៏បន្តដំណើរ​ទៅ​ក្លឹបកម្សាន្ត ហើយហៅ គាត់មកចូលរួមជាមួយ ។ លោក យ៉ែម ខែមរ៉ាត បន្តថា ដោយរថយន្តរបស់គាត់មិនអាច​បើក​ចេញ​បាន មានរថយន្តជាច្រើននៅពាំងជាប់ខាងក្រោយ ទើបសម្រេចចិត្តជិះឡានដែល​ចាប់បាននេះ ទៅចូល​ខារ៉ា​អូខេ​ជាមួយកូនចៅ ក៏​កើត​មានរឿងហេតុ​នេះ​ គឺឃើញ​នាយយោធាឈ្មោះ ថាន យុទ្ធឋាន ហៅគីម មិនដឹងជាមកពីកន្លែង​ណា ស្រាប់តែចូលមកក្នុងបន្ទប់ខារ៉ាអូខេ សួរនាំបានតែបន្តិច កើត​ជាអំពើហិង្សាតែម្តង ។

បើទោះជាមានការលើកឡើងពីមេគយច្រកអូររំដួលនេះក៏ដោយ មជ្ឈដ្ឋានទូទៅ​ជាមួយនឹងមន្ត្រីអនុវត្តច្បាប់ចាត់ទុកថា ទាំង​មន្ត្រីគយ និងមេគយគ្មានភាពទទួលខុសត្រូវក្នុងនាមជា​មន្ត្រីអនុវត្តច្បាប់ ហើយ​ការយករថយន្ត​ជាវត្ថុតាងបទល្មើស​ទៅប្រើប្រាស់ដោយគ្មានការស្នើសុំ​ពីថ្នាក់លើ ចាត់ទុកថា អំពើខុសច្បាប់ ហើយក៏ស្ថិតក្នុងភាពមិន​ថ្លៃថ្នូរ ធ្វើឲ្យប៉ះពាល់ទៅលើកិត្តិយសដ៏ខ្លាំងក្លានៃស្ថាប័នគយ ។ ជុំវិញបញ្ហានេះ គួរណាស់តែ​អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់វិធានការតាមផ្នែករដ្ឋបាល ឬត្រូវ​ដកតំណែង បន្ទាប់ពី​មេគយ លោក យ៉ែម ខែមរ៉ាត មិនមែនកើតមាននូវអំពើមិនប្រក្រតីជាតំណែងមេគយច្រកអូររំដួលនេះជាលើកទីមួយនោះឡើយ ។ កន្លងទៅថ្នាក់លើក៏ត្រូវបានដកបញ្ឈរជើងជាប់ពាក់ព័ន្ធភាពមិនប្រក្រតីអំពើពុករលួយលើការដឹកនាំ ប៉ុន្តែ​បុគ្គលរូបនេះ​ត្រូវបានមកកាន់តំណែងវិញទាំងប្រឈមការរិះគន់ មិនតែប៉ុណ្ណោះ ទំនិញគេចពន្ធត្រូវបានហូរចូលយ៉ាងតិចជិត៥០ភាគរយ ដែលមន្ត្រីទម្លាយថា បង់ពន្ធមិនគ្រប់ ក្នុងនោះ ថែមទាំង​អនុញ្ញាត​ឲ្យរថយន្តដឹកទំនិញធុនធំពីប្រទេសថៃ ចូលមកកម្ពុជាខុសម៉ោងរដ្ឋបាល ដូចជាពេលយប់ និងពេលទៀបភ្លឺ នេះជាដើម ។ បញ្ហានេះ គេសង្ស័យថា ជាការដឹកជញ្ជូនទំនិញគេចពន្ធ ដែល​ធ្វើជាទម្លាប់អស់រយៈពេលជាច្រើនខែ តាំងពីលោកយ៉ែម ខែមរ៉ាត បានទៅកាន់តំណែងដដែលនេះវិញ ។

ពាក់ព័ន្ធនឹងការរិះគន់ខាងលើនេះ នគរវត្តមិនអាចទាក់ទងបានទេពីលោក យ៉ែម ខែមរ៉ាត ក៏ដូចជា​លោក ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីរឿងអាស្រូវខាងលើនេះ ត្រូវបានគេលាតត្រដាងផ្សព្វផ្សាយ ជាមួយនឹងការរិះគន់ពេញបន្ទុក ។ មន្ត្រី​គយដែលមិនពេញចិត្តនឹងទង្វើមិនគប្បីនេះ​ក៏បានលើកឡើងផងដែរថា នេះមិនមែនជាលើកទី១ ដែលពួកគាត់យកវត្ថុតាងបទល្មើសទៅប្រើប្រាស់នោះទេ ប៉ុន្តែ​កន្លងមក មិនមានម្ចាស់រថយន្តណាគេមកតវ៉ា ចៃដន្យអីលើកនេះ នាយយោធា​មួយរូបខាងលើ គាត់​តូចចិត្តនឹងអំពើ​មិន​ប្រក្រតីនេះ ទើបកើតជាកំហឹងទល់កំហល់ ប្រើអំពើហិង្សាក្លាយទៅជារឿងអាម៉ាស់នៃអង្គភាពទាំងពីរ ដែលសុទ្ធតែ​ជា​មន្ត្រីអនុវត្តច្បាប់ ហើយនាំគ្នាបំពាននឹងផ្លូវច្បាប់ អ្នកមានតួនាទីចាប់ យកវត្ថុតាងទៅប្រើប្រាស់ ហើយ​អ្នកមានតួនាទីអនុវត្តច្បាប់ នាំរថយន្តគេចពន្ធចូល ក៏ដូចជាការប្រើហិង្សានេះជាដើម ៕ សុខ ខេមរ៉ា

 


ចែករំលែក៖