ខេត្តពោធិ៍សាត់៖ យុវជនចំនួន ២នាក់ ត្រូវបានកម្លាំងចម្រុះក្រុងពោធិ៍សាត់ធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាង និងសម្ភារ ក្នុងករណីជាប់ពាក់ព័ន្ធរក្សាទុកដឹកជញ្ជូន និងប្រើប្រាស ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៦ និង១៥នាទីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងខាងលើបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងចម្រុះក្រុងពោធិ៍សាត់ធ្វើការឃាត់ខ្លួននេះ ទី១ ឈ្មោះ អឿន កែវ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិក្តីស្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង និងទី២ ឈ្មោះ ឃឹម ខ្វាវ ហៅបៀ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យទាំង ២នាក់នេះដែរ កម្លាំងបានធ្វើការដកហូតនូវវត្ថុតាង និងសម្ភាររួមមាន.ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់តូច ទូរស័ព្ទដៃម៉ាក ណូគា និងអាយហ្វូន ៥ ចំនួន ០២គ្រឿង លុយឧបករណ៍ផ្សេងៗ និងម៉ូតូចំនួន ២គ្រឿងផងដែរ ហើយបានយកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យកម្លាំងបានរកឃើញទាំងវត្ថុតាង ដែលសង្ស័យជាសារធាតុញៀន រួមទាំងមានផ្ទុកនូវសារធាតុញៀនថែមទៀតនោះ ដូច្នេះហើយកម្លាំងកំពុងញាប់ដៃញាប់ជើងយ៉ាងមមាញឹក ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ទាំងវត្ថតាង និងសម្ភារដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ ប៉ឹម ពិន