ខេត្តកណ្តាលៈ លោកតាវ័យ៧១ឆ្នាំម្នាក់បើកម៉ូតូបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យរថយន្តនីសាន់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកពេញមួយទំហឹង បណ្តាលឲ្យលោកតាខាងលើនេះរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ចំណែកឯអ្នកបើកបររថយន្តម៉ាកនីសាន់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៧-៨ ស្ថិតក្នុងភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា លោកតារងគ្រោះឈ្មោះ ភី ហុកស្រេង អាយុ៧១ឆ្នាំ មានទីលំនៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-9559 ។ ចំណែកឯរថយន្តម៉ាកនីសាន់ មួយបាំកន្លះ ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខ.6191-ភព2 បើកបរដោយឈ្មោះ នឿន ជីវ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញលោកតារងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិច ហើយបានបត់ស្តាំឆ្ពោះទៅទិសខាងត្បូង ស្របពេលនោះរថយន្តនីសាន់បើកមកពីទិសខាងជើងទៅទិសខាងត្បូងដែរ គេចមិនទាន់ជាន់ហ្វ្រាំមិនជាប់ក៏បុកលោកតារងគ្រោះពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តម៉ាកនីសាន់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធ បញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ។ ចំនែកឯលោកតារងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយភាគីម៉ូតូបើកម៉ូតូចេញពីផ្លូវលំបត់ឡើងលើផ្លូវក្រាលកៅស៊ូដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យរថយន្តគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកពេញមួយទំហឹងតែម្តង ៕ ស្អាងជ័យ