ព័ត៌មានទាន់ហេតុការណ៍៖

ម៉ារីអូ ធ្វើខួបកំណើតលើករាសី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសល្បីឈ្មោះបង្គួរលោក ម៉ារីអូ បានរៀបចំពិធីខួបកំណើតលើកដំបូងគម្រប់២៦ឆ្នាំកាលពីរាត្រីថ្ងៃទី២៥ កក្កដា នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកក្រោមវត្តមានភ្ញៀវប្រមាណជាង១០០នាក់។ ពិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងប្រចាំជីវិតនេះ ត្រូវបានលោកលើកឡើងថា ដើម្បីលើករាសីឲ្យកាន់តែខ្ពស់។

ម៉ារីអូបញ្ជាក់ថា ក្រោយប្រឡូកក្នុងអាជីពសិល្បៈជាង៦ឆ្នាំមកលោកមិនដែលបានធ្វើខួបកំណើតនឹងគេសោះ គឺចេះតែមានអារម្មណ៍ខ្មាសអៀនទើបតែឆ្នាំនេះទេដែលលោកសម្រេចចិត្តរៀបចំធ្វើឡើង។ លោកថា កម្មវិធីនេះ លោកបានអញ្ជើញមិត្តភ័ក្កិជិតដិតប្រមានជាង១០តុ ហើយក្នុងនោះមានអ្នកសិល្បៈមិនដល់១០នាក់ទេដែលលោកបានអញ្ជើញ។

លោកថា មូលហេតុដែលមិនមានអ្នករួមអាជីពច្រើនចូលរួមព្រោះតែលោកមិនសូវមានមិត្តភ័ក្កិច្រើន គឺអាចនិយាយថាមកពីលោកមិនសូវចេះមាត់ករច្រើន អតីតតារាចម្រៀងប្រចាំផលិតកម្ម Big Man រូបនេះបន្តថា ការរៀបចំពិធីខួបកំណើតឆ្នាំនេះក៏ចាត់ទុកជាការលើករាសីបើផ្លូវការងារថ្មីសម្រាប់ខ្លួនដែរ ហើយលោករំពឹងថាការងារ នឹងរីកចម្រើនខ្លាំងនៅក្រោយពេលធ្វើខួបកំណើត។

ម្ចាស់បទ«ទឹកភ្នែកឆ្កួត»រូបនេះបន្តថា ក្រោយបញ្ចប់ការច្រៀងឲ្យផលិតកម្ម Rock លោកបានសម្រេចចិត្តនឹងផលិតបទចម្រៀងOriginal Song មួយចំនួនដើម្បី ពង្រីកប្រជាប្រិយភាព និងស្របតាមការសំណូមពររបស់អ្នកគាំទ្រ។ លោកថាបទចម្រៀងទាំងនេះនឹងត្រូវចេញជាបទចម្រៀង និងMV ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកថាថ្មីៗនេះលោកក៏ទទួលបានការងារជាអ្នកចម្រៀងប្រចាំក្លឹបកម្សាន្តថ្មីមួយដែលនឹងបើកដំណើរការនៅពេលដ៏ខ្លីខាងមុខនេះផងដែរ។

អតីតពិធីករកម្មវិធីកុមារប៉ុស្តិ៍លេខ៣រូបនេះបញ្ជាក់ដែរថា សម្រាប់គម្រោងចំណាយក្នុងថ្ងៃខួបកំណើតក៏មិនជាច្រើនដែរព្រោះតែលោកទទួលបានការបញ្ចុះតម្លៃពីម្ចាស់ភោជនីយដ្ឋានព្រោះតែលោក៏ជាតារាចម្រៀងប្រចាំភោជនីយដ្ឋាននេះផងដែរ។

ក្នុងថ្ងៃខួបកំណើតអ្វីដែលលោកបួងសួងនៅថ្ងៃនេះ គឺសុំឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ ការងាររីកចម្រើន ពិសេសសូមឲ្យបទចម្រៀងថ្មីរបស់លោកដែលគ្រោងនឹងចេញផលិតនៅពេលដ៏ខ្លីខាងមុខទទួលបានការគាំទ្រច្រើពីទស្សនិកជន៕ វឌ្ឍនា


ចែករំលែក៖