ព័ត៌មានទាន់ហេតុការណ៍៖

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សវនាការ​រឿង​ក្ដី​ឧត្តមសេនីយ៍​ទោ​ម្នាក់​ ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​​ ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ចែករំលែក៖

ភ្នំពេញ​៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បើក​សវនាការ​​រឿង​ក្ដី​របស់​ជនត្រូវចោទ​​ ឈន​ ផ្លុំ​ ជា​ឧត្ដមសេនីយ៍​ទោ​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នក​ដទៃ​ដោយ​ទុច្ចរិត​ នៅ​ខេត្តព្រះសីហនុ​ ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ក្រោយ​បញ្ចប់​សវនាការ​ជា​អសាធារណៈ​ លោក​ ផូ​ ពៅ​ស៊ុន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​វិញ​ ។

ជនត្រូវចោទ​ ឈន​ ផ្លុំ​ ​អាយុ​៥៥ឆ្នាំ​ មាន​តួនាទី​ជា​ឧត្ដមសេនីយ៍​ទោ​នៅ​ក្រសួង​ការពារ​ជាតិ​ ត្រូវបាន​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​ចោទប្រកាន់​ពី​បទដោយ​ចោទប្រកាន់​ពី​បទ​ “​ រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នក​ដទៃ​ដោយ​ទុច្ចរិត​ និង​ សមគំនិត​ក្នុង​អំពើ​រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នក​ដទៃ​ដោយ​ទុច្ចរិត​ “​ ប្រព្រឹត្ត​នៅ​ភូមិ​គគីរ​ ឃុំ​បិទ​ត្រាំង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ កាលពី​មុន​អំឡុង​ឆ្នាំ​២០១៦និង​ក្នុង​ឆ្នាំ​២០១៦​ តាម​មាត្រា​២៥៣នៃ​ច្បាប់​ភូមិបាល​ និង​ មាត្រា​២៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ លោក​ ពុធ​ ធាវី​ មេធាវី​ការពារ​ក្ដី​ជនត្រូវចោទ​ ឈន​ ផ្លុំ​ ធ្លាប់​និយាយ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ថា​ កូន​ក្តី​ទាំង​២៤នាក់​ ពុំ​បាន​រំលោភ​បំពាន​ ទន្ទ្រាន​កាន់កាប់​ដីធ្លី​ជាង​៤០ហិចតា​ដូច​ការ​ចោទប្រកាន់​នោះទេ​ ពោលគឺ​ ក្រោយ​មាន​ការ​ទិញ​លក់​ ពួកគេ​បាន​គ្រប់គ្រង​ កាន់កាប់​ អាស្រ័យ​ផល​រួម​ទាំង​រស់​នៅ​ ធ្វើ​ជា​របង​ សម្គាល់​ព្រំ​ដី​រឹងមាំ​រៀងៗខ្លួន​និង​អ្នក​ខ្លះ​មាន​ផ្ទះ​មួយ​ចំនួន​ ដោយ​ការ​កាន់កាប់​នេះ​មាន​រយៈពេល​ជាង​១០ឆ្នាំ​ពុំ​ដែល​មាន​បញ្ហា​អ្វី​ឡើយ​ ។

ស្រាប់​តែនៅ​ឆ្នាំ​២០១៥​ មាន​ឈ្មោះ​ វែង​ សម្បត្តិ​ តំណាង​ឲ្យ​ឈ្មោះ​ ថៃ​ អ៊ុយ​ នាយក​ក្រុមហ៊ុន​ ថៃ​ ហេង​ឡុង​ អាហរ័ណ​នីហរ័ណ​ បាន​ធ្វើ​បណ្តឹង​ចុះ​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ មក​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ ដោយ​បាន​យក​ឯកសារ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដែល​មាន​ជនជាតិ​ចិន​ទាំង​១២ប័ណ្ណ​ មក​ប្រើប្រាស់​ធ្វើ​ការ​ចោទប្រកាន់​មក​លៀ​កូន​ក្តី​ទាំង​២៤នាក់​ ថា​ បាន​រំលោភ​កាន់កាប់​ដី​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ ថៃ​ ហេង​ឡុង​ ។​ លើស​ពី​នេះ​ទៀត​ ឈ្មោះ​ វែង​ សម្បត្តិ​ បាន​យក​លិខិត​ពន្ធ​ប្រកាស​លើ​ដីធ្លី​ឆ្នាំ​២០១៥​ ដែល​ចេញ​ដោយ​សាខា​ខេត្ត​ព្រះសីហនុ​ មក​ប្រើប្រាស់​ជា​សំអាង​ដោយ​លិខិត​បង់​នោះ​ គឺ​ បង់​នៅ​ចំណុច​ “​ចំណោម​រាម”ទេ​ ដោយ​ដីអ្នក​ទាំង​២៤នាក់​ នៅ​ចំណុច​”ភូមិ​គគីរ​”​។

ក្រឡេក​មើល​របាយការណ៍​របស់​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​និង​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ នោះ​ លោក​មេធាវី​ ចាត់​ទុក​ថា​ ជា​របាយការណ៍​ភូត​កុហក​ទាំង​ស្រុង​ និង​ជា​ការ​សម្រេច​ដោយ​ភាព​អយុត្តិធម៌​ ។

ដោយ​ឡែក​ម្ចាស់​ដី​ជា​ច្រើន​នាក់​ និង​ អាជ្ញាធរ​ភូមិ​ឃុំ​គគីរ​ សុទ្ធតែ​អះអាងថា​ ការ​ចោទប្រកាន់​របស់​លោក​ ថៃ​ អ៊ុយ​ នាយក​ក្រុមហ៊ុន​ថៃ​ ហេង​ឡុង​ អាហរ័ណ​នីហរ័ណ​ គឺ​ ជា​ការ​ចោទប្រកាន់​ទម្លាក់​កំហុស​ទាំង​ស្រុង​ ។

ទោះបី​យ៉ាងណា​ រហូត​មក​ពេល​នេះ​ លោក​មេធាវី​ ពុធ​ ធាវី​ បាន​ប្តឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ហើយ​ ប្រឆាំង​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​លោក​ ឈន​ ផ្លុំ​ ហើយ​សង្ឃឹម​ថា​ សាលាឧទ្ធរណ៍​នឹង​ផ្តល់​ភាព​យុត្តិធម៌​ជូន​កូន​ក្ដី​ជា​មិន​ខាន​ ។

ឆ្លើយតប​សន្និសីទកាសែត​នេះ​ សាលា​ដំបូង​និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បំំភ្លឺ​ផង​ដែរ​ ដោយ​ចាត់​ទុក​ថា​ សន្និសីទកាសែត​ទាក់ទង​​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​លើ​ជនត្រូវចោទ​ឈ្មោះ​ ឈន​ ផ្លុំ​ បាន​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើបសួរ​ផងដែរ​ ៕ ចេស្តា


ចែករំលែក៖