ខេត្តកណ្តាលៈ បុរសម្នាក់ទំនងជាបែកថ្នាំបានស្ទុះទាញយកកាំបិតកាប់ប្រហារទៅលើ អ្នកជិតខាងកំពុងកើបអាចម៍គោ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចបរិវេនផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំបង្រ្កាបចាប់ខ្លួន ដដកហូតបានវត្ថុតាងកាំបិតចំនួន០១ និងថ្នាំញៀនចំនួន០១កញ្ចប់ផងដែរ ។ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ស្រ៊ន ហ៊ុយសេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ។ ចំណែកឯជនរងគ្រោះឈ្មោះ ផូ ផាន ភេទប្រុស អាយុ0៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ រងរបួសលើក្បាល និងខ្នងយ៉ាងធ្ងន់ធ្ងរ ។
ប្រភពដដែលបានបន្តថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន កន្លងមកធ្លាប់មានទំនាស់ពាក្យសំដីគ្នាជាមួយជនរងគ្រោះ តែនៅពេលថ្មីៗនេះអ្នកទាំង២មិនមានទំនាស់អ្វីឡើយ ។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះបានទៅអង្គុយកើបអាចម៍គោនៅក្បែរផ្ទះ ស្រាប់តែជនសង្ស័យស្ទុះចូលទៅកាប់ប្រហារជនរងគ្រោះដោយកាំបិត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ទើបមានប្រជាពលរដ្ឋជិតខាងចូលទៅឃាត់ នឹងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កន្លងមករូបគេមានទំនាស់គ្នាជាមួយជនរងគ្រោះ លុះមកដល់យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ រូបគេបានប្រើប្រាស់គ្រឿងញៀនអស់មួយកញ្ចប់ រហូតមកដល់ថ្ងៃត្រង់ថ្ងៃទី២៥ ខែឆ្នាំដដែលខ្លួនមានសភាពរវ៉ើរវាយទាញកាំបិតកាប់ជនរងគ្រោះដោយមិនដឹងខ្លួន ៕ ស្អាងជ័យ