ព័ត៌មានទាន់ហេតុការណ៍៖

លោក ខែម សាវុធ ប្រធានពន្ធនាគារខេត្តសៀមរាបត្រូវបានប្រជាពលរដ្នចោទថាជាអ្នកបំពុលបរិស្ថាន

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រធានពន្ធនាគារខេត្តសៀមរាបត្រូវបានប្រជាពលរដ្នចោទថា ជាអ្នកបំពុលបរិស្ថាន ដោយសារ ពន្ធនាគារមួយនេះ បានបង្ហូរទឹក លាមក និងចោលសំរាម ពាស់វាលពាស់កាលលើដីស្រែប្រជាពលរដ្ន បង្កឲ្យបរិស្ថាន អាប់អួរ ស្អុយរលួយ ធុំក្លិនអាសោធិ៍ ប៉ះពាលដល់សុខភាព ប្រជាពលរដ្នយ៉ាងខ្លាំង ជាក់ស្ដែង គំនរសំរាមគរដូចភ្នំ នៅ ពីក្រោយ ពន្ធនាគារ បានចាក់កាន់ខែ កាន់ឆ្នាំ ពុំឃើញ ដុត ឬចាត់វិធានការដឹកជញ្ជូនចេញឡើយ ចំណែក ទឹកលាមក វិញបានហូរចូលដីស្រែរាប់សិបឆ្នាំហើយដែរ។

លោក ខែម សាវុធ ប្រធានពន្ធនាគារខេត្តសៀមរាប បានប្រាប់ក្នុងកិច្ចសម្ភាសណ៍តាមទូស័ព្ទថា សំរាមនេះដោយសារ ខែនេះជាខែវស្សា ឡានចូលដឹកមិនរួច ទើបបានសំរាមនៅគរដូចភ្នំ បែបនេះ និងរង់ចាំរដូវប្រាំងសិន លោកនឹងដឹកចេញ ទៅចាក់នៅវាលក្រោម ។

ការបកស្រាយបែបនេះ ត្រូវបានពលរដ្នរិះគន់ថា «យើងខ្ញុំ ត្រូវការបរិស្ថាន ល្អ បរិយាកាសល្អ ដើម្បីសុខភាព មិនមែនរង់ចាំខែប្រាំង ទើបដឹកចេញនោះទេ ដូច្នេះ សូម អាជ្ញាខេត្តសៀមរាប ជាពិសេស លោក ស៊ូ ប្លាតុង អភិបាលក្រុង និង លោក ឃឹម ប៊ុន សុង អភិបាលខេត្ត ជួយ មើល ពីសុខទុក្ខប្រជាពលរដ្នផង» ៕ ប៊ុន រិទ្ធី


ចែករំលែក៖