ភ្នំពេញ៖គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំពិនិត្យអំពីក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីរបស់លោកមេធាវី ពុធ ធាវី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ តាមលិខិតរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ នេះបើការបញ្ជាក់របស់លោក យឹម សារី អ្នកនាំពាក្យគណៈមេធាវី ថ្លែងប្រាប់ភ្នាក់ងារ មុននេះបន្តិច ។
គួរបញ្ជាក់ថា ក្រោយពីអង្គភាពសារព័ត៌មាន ក្នុងស្រុកមួយ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ចេញផ្សាយខ្លឹមសារថា សាលាដំបូងខេត្តព្រះសីហនុ ដាក់លិខិតជូន ប្រធានគណៈមេធាវីកម្ពុជា ដោយស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែត និងស្នើចាត់វិធានការសម្រេច ដាក់ទណ្ឌកម្មជាបទវិន័យលើមេធាវី ពុធ ធាវី នោះ មេធាវី ពុធ ធាវី បានឆ្លើយតបវិញភ្លាមៗថា លោកពេញចិត្តនិងរីករាយនឹងចូលបំភ្លឺជូនក្រុមប្រឹក្សាគណៈមេធាវី តែស្នើឲ្យតុលាការខេត្តព្រះសីហនុ ពិនិត្យពាក្យស្នើនេះឲ្យបានម៉ត់ចត់បន្តិច ព្រោះវាខុសនឹងអង្គហេតុនៃការធ្វើសន្និសីទកាសែត។
សារសម្លេងតាមបណ្ដាញសង្គម Line ផ្ញើជូនភ្នាក់ងារសារព័ត៌មាន លោកមេធាវី ពុធ ធាវី អះអាងថា លោកបានពិនិត្យខ្លឹមសារលិខិតរបស់តុលាការខេត្តព្រះសីហនុ រួចហើយ ។ ហើយលោកពេញចិត្តនិងរីករាយ នឹងចូលបំភ្លឺជូនក្រុមប្រឹក្សាគណៈមេធាវី អំពីករណីនេះ។ លោកបានសង្កត់ធ្ងន់ថា គ្រាន់តែអន្តរាគមន៍ជូនកូនក្តីមានទោសដែរ យើងជាមេធាវីគួរលាលែងពីមេធាវី ទៅលក់ត្រីងៀត លក់គុយទាវតាមផ្សារវិញ។
គួរបញ្ជាក់ថា នៅក្នុងលិខិតរបស់សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ទង្វើរបស់លោកមេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែតសាធារណៈ ចោទប្រកាន់ និងវាយប្រហារមកលើស្ថាប័នតុលាការខេត្តព្រះសីហនុ ទាក់ទងនឹងការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើកូនក្តីឈ្មោះ ឈន ផ្លុំ គឺបានបំពានលើការសំងាត់ វិជ្ជាជីវៈមេធាវី ដូចមានចែងក្នុងមាត្រា៧ នៃក្រមសីលធម៌មេធាវី និងចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដូចមានបញ្ញត្តិនៅក្នុងមាត្រា៣១៤ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។
ការស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី និងស្នើចាត់វិធានការដាក់ទណ្ឌកម្មវិន័យ ធ្វើឡើងបន្ទាប់ពីលោកមេធាវី ពុធ ធាវី និងកូនក្តីជាច្រើនរូប បាននាំគ្នាធ្វើសន្និសិទកាសែតជាសាធារណៈកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ និងក្រោយពីបែកធ្លាយឯកសារសំងាត់មួយលើកិច្ច ព្រមព្រៀងចែកភាគលាភ (ផលប្រយោជន៍) របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ ផ្សេងទៀតជុំវិញបញ្ហាជម្លោះដីធ្លី នៅខេត្តព្រះសីហនុ៕ ចេស្តា