រដ្ឋាភិបាលរបស់មេដឹកនាំគីម ជុងអ៊ុន បានប្រកាសប្តេជ្ញាការពាររបបដឹកនាំត្រកូលគីម មិនអនុញ្ញាតឲ្យសត្រូវណាមួយប៉ុនប៉ងវាយប្រហារ ផ្តួលរំលំរបបដឹកនាំប្រទេសនេះឡើយ។
កាលពីថ្ងៃទី២៥ ខែកក្កដា តាមសេចក្តីរាយការណ៍ បានគំរាមថា ខ្លួននឹង វាយដំដោយគ្មានត្រាប្រណីទៅលើបេះដូងសហរដ្ឋអាមេរិក ដោយញញួរគឺអាវុធនុយក្លែអ៊ែរ ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែប៉ុនប៉ងកម្ចាត់ គីម ជុងអ៊ុនឲ្យចេញពីអំណាចនៅទីក្រុងព្យុងយ៉ាង។
ការគំរាមដូច្នេះរបស់ព្យុងយ៉ាង គឺត្រូវបានធ្វើឡើងបន្ទាប់ពីនាយកទីភ្នាក់ងារ ស៊ីអាយអេ លោក Pompeo បានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា វានឹងជារឿងដ៏អស្ចារ្យមួយដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ហើយដោយសំដៅដល់ គីម ជុងអ៊ុន ថានាយក ស៊ីអាយអេរូបនេះ បានកត់សម្គាល់ឃើញថា អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺតួអង្គដែលកំពុងតែគ្រប់គ្រងលើអាវុធនុយក្លេអ៊ែរទាំងនោះ។
ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើអាមេរិក ហ៊ានបង្ហាញឲ្យឃើញ នូវសញ្ញានៃការប៉ុងប៉ងត្រឹមតែបន្តិចដើម្បីកម្ចាត់មេដឹនាំកំពូលព្យុងយ៉ាងនោះ កូរ៉េខាងជើងនឹង វាយប្រហារអាមេរិក ដោយអាវុធនុយក្លេអ៊ែរដ៏មានថាមពលហើយបុគ្គលសំខាន់អាមេរិក ដូចជានាយក ស៊ីអាយអេ Pompeo នឹងបានភ្លក្សរសជាតិដ៏ល្វីងជូរចត់នៃការវិនាសអន្តរាយ ប្រកបដោយភាពវេទនាដែលបង្កឡើង ព្រោះតែហ៊ានធ្វើឲ្យប៉ះពាល់សូម្បីតិចតួចចំពោះមេដឹកនាំកំពូលព្យុងយ៉ាង៕ ម៉ែវ សាធី