ព័ត៌មានទាន់ហេតុការណ៍៖

ACU កោះហៅលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌគិរី ចូលបំភ្លឺ

ចែករំលែក៖

ភ្នំពេញ៖ យាងតាមសេចក្តីរាយកាណ៍ពីខេត្តមណ្ឌលគិរី បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុលរលួយបានកោះហៅ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌគិរី ឱ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ប្រភពពីមន្ត្រីសាលាដំបូងខេត្តមណ្ឌគិរី បានឱ្យដឹងថា ACU ពិតជាបានកោះហៅ លោក ឡុង ហុកម៉េង ឱ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នេះ មែន ប៉ុន្តែគេមិនបានដឹងថា ពាក់ព័ន្ធសំណុំរឿងអ្វីប្រាកដនោះទេ។

ក្រុមមន្ត្រីសាលាដំបូងខេត្តមណ្ឌលគិរី បានដាក់ការសង្ស័យថា រឿងកោះហៅនេះ អាចជាប់ពាក់ព័ន្ធករណី បទល្មើសកាប់ព្រៃឈើ នៅតំបន់ចំណុចអូរហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលលោក ឡុង ហុកម៉េង ក៏មានឈ្មោះនៅក្នុងរបាយការណ៍ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលទទួលលុយសំណូកចំនួន ២ម៉ឺនដុល្លារ ពីម្ចាស់ក្រុមហ៊ុនកាប់ឈើវៀតណាម ឈ្មោះ អ៊ុក ញ៉ ជាថ្នូរនឹងការបើកដៃ និងមិនចាត់ការសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅចំណុចអូរហ៊ុច។

ទាក់ទងនឹងព័ត៌មាននេះ លោក ឡុក ហុកម៉េង បានថ្លែងថា “ចង់សួរឿងអី ទៅសួរលោក ម៉ម វ៉ាន់ដា ជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ចុះ” បើទោះជាករណីនេះជារឿងផ្ទាល់ខ្លួនរបស់លោកក៏ដោយចុះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ -២៩ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌគិរី ត្រូវបានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងមានមន្ត្រីរបស់ក្រសួងយុត្តិធម៌ ជាសមាជិកកោះហៅមកឆ្លើយតទល់ ជាមួយលោក យិន ចាន់ទី មេបញ្ជាការវរៈការពារព្រំដែនយោធាលេខ១០៣ ពាក់ព័ន្ធករណីសូកលុយលោក ឡុង ហុកម៉េង ក្នុងមួយខែ២ម៉ឺនដុល្លារ ជាថ្នូរការបិទភ្នែក បិទច្រមុះ ធ្វើមិនដឹងមិនឮ បើកដៃឱ្យឈ្មួញវៀតណាម ចូលកាប់បំផ្លាញឈើខុសច្បាប់ ក្នុងទឹកដីខេត្តមណ្ឌគិរី ត្រង់ចំណុចអូរហ៊ុច ម្តងរួចមកហើយ។ ប៉ុន្តែលទ្ធយ៉ាងណា រហូតមកដល់ពេលនេះ គឺនៅស្ងាត់បាត់សូន្យឈឹងនៅឡើយ។

ពាក់ព័ន្ធព័ត៌មានថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU)កោះហៅលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ឱ្យចូលខ្លួនបំភ្លឺនោះ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុលរលួយ បានបញ្ជាក់ប្រាប់តាម Telegram ថា ACU រឿងនេះមិនពិតទេ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Telegram កាលពីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ក្នុងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក៏មានតំណាងក្រសួងយុត្តិធម៌ផងដែរ ហេតុនេះកិច្ចការស្រាវជ្រាវ លើករណី លោក ឡុង ហុកម៉េង រងការចោទថា បានទទួលលុយ ២ម៉ឺនដុល្លារ ក្នុងមួយខែៗ ពីឈ្មួញរកស៊ីឈើនៅចំណុចអូរហ៊ុចនោះ គឺគណៈកម្មការជាតិ និងក្រសួងបានធ្វើរួមគ្នា។ លោកបញ្ជាក់ថា ក្រសួងនឹងមានចំណាត់ការ ប្រសិនបើរកឃើញថា លោក ឡុង ហុកម៉េង ពិតជាមានកំហុសពិតប្រាកដមែន។

យោងតាមរបាយការណ៍ដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជក់ថា ឈ្មោះ ជុំ រតនា មេប៉ុស្តិ៍អូរជុំ វរៈការពារព្រំដែននគរបាលលេខ៦២១ បានឆ្លើយថា ខ្លួនជាអ្នកយកលុយ ២ម៉ឺនដុល្លារ ពីឈ្មោះ អ៊ុក ញ៉ ឱ្យទៅឈ្មោះ យិន ចាន់ទី មេបញ្ជាការវរៈការពារព្រំដែនយោធាលេខ១០៣ ដែលជាអ្នកដើរប្រមូលលុយបទល្មើសទូទាំងខេត្ត យកទៅជូនលោក ឡុង ហុកម៉េង ជារៀងរាល់ខែ។ ចៅកែកាប់ឈើឈ្មោះ អ៊ុក ញ៉ បានចំណាយលុយចំនួន ១៧ម៉ឺនដុល្លារ ដើម្បីបើកផ្លូវកាប់ឈើ និងដឹកឈើចេញពីតំបន់អូរហ៊ុច ទៅប្រទេសវៀតណាម។

គួររំលឹកថា ក្រោយពីកម្លាំងចម្រុះបង្ក្រាបជនជាតិវៀតណាមចំនួន ៧នាក់ រឿងឆ្លងដែនខុសច្បាប់ចូលមកកាប់ដឹកឈើ ១៤៥កំណាត់ ក្នុងស្រុកអូររាំង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ នោះមានមន្ត្រីនគរបាល និងយោធាព្រំដែនលេខ១០៣ ជាង១០នាក់ បានរត់ចោលអង្គភាពដោយសារតែគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបង្ក្រាប អាចនឹងចាប់ខ្លួនរឿងបើកដៃឲ្យជនបរទេសចូលកាប់ឈើនោះ៕ ហេង សូរិយា

 

 


ចែករំលែក៖