ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ស្នើឲ្យភាគីអេមីរ៉េតចាប់អារម្មណ៍វិនិយោគ ឧស្សាហកម្មហាឡាលនៅកម្ពុជា 

ចែករំលែក៖

 

ភ្នំពេញ ៖ ដើម្បីវិវត្តខ្លួនជាបណ្តើរៗ ចាប់យកស្តង់ដារឧស្សាហកម្មហាឡាល ឆ្ពោះទៅប្រជែងក្នុងទីផ្សាហាឡាលពិភពលោកដែលមានទំហំទឹកប្រាក់ជិត៣លានលាន ដុល្លាអាមេរិក លោក អូស្មានហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការហាឡាលកម្ពុជា បានទទួលជួបពិភាគ្សាការងារជាមួយ លោក Saif Al Shamisi ឯកអគ្គរដ្ឋទូតអារ៉ាប់រួមអេមីរ៉េតប្រចាំកម្ពុជាដែលមាននិវេសនឋាននៅទីក្រុងបាងកក ដើម្បីផ្តល់ប្រឹក្សាទៅលើឱកាសវិនិយោគនៅកម្ពុជា ដែលភាគីអេមីរ៉េតបានផ្តល់ការចាប់អារម្មណ៍លើការវិនិយោគលើវិស័យឧស្សាហកម្មហាឡាលជាខ្លាំង។ ជំនួបនេះធ្វើឡើងកាលពី រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅការិយាល័យអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា។

លោក Saif Al Shamisi បានបញ្ជាក់ថា៖ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសវិស័យវិនិយោគពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ថ្មីៗនេះ អារ៉ាប់រួមអេមីរ៉េត ទើបតែដាក់អោយដំណើរការអាកាសចរណ៍អេមីរ៉េត ជាក្រុមហ៊ុនអាកាសចរណ៍ដែលធំបំផុតលំដាប់ពិភពលោក ដែលដាក់ដំណើរការជើងហោះហើរត្រង់មកកាន់ កម្ពុជា ដែលជាឱកាសមាសសម្រាប់ការផ្សារភ្ជាប់សេដ្ឋកិច្ចអោយកាន់តែមានសន្ទុះ ខ្លាំងក្លា សម្រាប់កម្ពុជា-អេមីរ៉េត។

លោកបន្តថា ៖ ទោះបីអេមីរ៉េត ជាប្រទេសតូចក្តីប៉ុន្តែវាមានច្រកចេញចូលតែមួយនៃចរាចរណ៍នាំចេញទំនិញ នៅក្នុងតំបន់ប្រទេសឈូកសមុទ្រពែក និង តំបន់អាហ្វ្រិក ហើយអេមីរ៉េត ជាប្រទេសដែលមានសន្ទុះ យ៉ាំងខ្លាំងក្នុងវិស័យសេដ្ឋកិច្ចនិងឧស្សាហកម្ម ដែលមានទំនាក់ទំនងនឹងបណ្តាប្រទេសអឺរ៉ុបផងដែរ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ សម្រាប់កម្ពុជា សក្តានុពលវិនិយោគគ្រប់វិស័យនៅ នាពេលបច្ចិប្បន្ន ព្រោះកម្ពុជាក៏ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧ភាគរយប្រចាំឆ្នាំ ម្យាងកម្ពុជា ក៏មានធនធានគ្រប់បែបយ៉ាងផងដែរ។

លោក អូស្មាន ហាស្សាន់ ក៏បានស្នើឲ្យអេមីរ៉េត ជួយពិនិត្យទៅលើការវិនិយោគផ្នែកឧស្សាហកម្មហាឡាល ព្រោះកម្ពុជា កំពុងវិវត្តដំណើរការបណ្តើរៗ ដើម្បីចាប់យកឧស្សាហកម្មហាឡាល អោយមានសន្ទុះ និង បំពេញតម្រូវការក្នុងប្រទេស និងនាំចេញទៅក្នុងទីផ្សារហាឡាលក្នុងពិភពលោកផងដែរ។

លោក Saif Al Shamisi បានបញ្ជាក់ថា ៖អេមីរ៉េត ចាប់អារម្មណ៍ជាខ្លាំងចំពោះឧស្សាហកម្មហាឡាលដែលកម្ពុជាគ្រោងនឹងដំណើរការនៅក្នុងពេលឆាប់ៗនេះទោះបីអេមីរ៉េតជាប្រទេសតូចប៉ុន្តែប្រទេសតូចខ្លឹមមួយនេះបាននិងកំពុងតែមានសេដ្ឋកិច្ចហក់លោតដល់កំពូលហេីយប្រទេសមួយនេះ ផ្តុំដោយចំរុះ ជាតិសាសន៍ជាង១០០ ដែលជាតិ សាសន៍និមួយៗ កំពុងប្រកួតប្រជែងនូវភាពជឿនលឿនគ្រប់វិស័យក្នុងនោះ ឧស្សាហកម្មកម្រិតស្តងដារហាឡាលក៏ជាផ្នែកអទ្ធិភាព ហេីយតែងតែដឹកនាំមកនូវដៃគូវិនិយោគក្នុងគម្រោងខ្នាតធំៗបំផុតនៅអាស៊ីផងដែរ ៕ សំរិត


ចែករំលែក៖