ព័ត៌មានទាន់ហេតុការណ៍៖

សភាស៊ើបសួរសាលាឧទ្ធរណ៍ បន្តឃុំខ្លួនឧត្តមសេនីយ៍ទោ ឈន ផ្លុំ ពាក់ព័ន្ធទំនាស់ដីធ្លី

ចែករំលែក៖

ភ្នំពេញ៖សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នេះ សម្រេចបន្តឃុំខ្លួនជនត្រូវចោទ ឈន ផ្លុំ ជាឧត្ដមសេនីយ៍ទោ ពាក់ព័ន្ធបទល្មើសរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត នៅខេត្តព្រះសីហនុ ។

លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់ថា លោក ផូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចតម្កល់ដីកាសម្រេចឲ្យឃុំខ្លួនចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ទុកជាបានការដដែល ។ សេចក្តីសម្រេចនេះ បើកសិទ្ធិឲ្យប្តឹងសាទុក្ខ ក្នុងកំណត់ច្បាប់ ។

ជនត្រូវចោទ ឈន ផ្លុំ អាយុ៥៥ឆ្នាំ មានតួនាទីជាឧត្ដមសេនីយ៍ទោនៅក្រសួងការពារជាតិ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារដោយចោទប្រកាន់ពីបទដោយចោទប្រកាន់ពីបទ ” រំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត និង សមគំនិតក្នុងអំពើរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត ” ប្រព្រឹត្តនៅភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីមុនអំឡុងឆ្នាំ២០១៦និងក្នុងឆ្នាំ២០១៦ តាមមាត្រា២៥៣នៃច្បាប់ភូមិបាល និង មាត្រា២៩នៃក្រមព្រហ្មទណ្ឌ ។

ពាក់ព័ន្ធបញ្ហានេះ លោក ពុធ ធាវី មេធាវីការពារក្ដីជនត្រូវចោទ ឈន ផ្លុំ ធ្លាប់និយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ថា កូនក្តីទាំង២៤នាក់ ពុំបានរំលោភបំពាន ទន្ទ្រានកាន់កាប់ដីធ្លីជាង៤០ហិចតាដូចការចោទប្រកាន់នោះទេ ពោលគឺ ក្រោយមានការទិញលក់ ពួកគេបានគ្រប់គ្រង កាន់កាប់ អាស្រ័យផលរួមទាំងរស់នៅ ធ្វើជារបង សម្គាល់ព្រំដីរឹងមាំរៀងៗខ្លួននិងអ្នកខ្លះមានផ្ទះមួយចំនួន ដោយការកាន់កាប់នេះមានរយៈពេលជាង១០ឆ្នាំពុំដែលមានបញ្ហាអ្វីឡើយ ។

ស្រាប់តែនៅឆ្នាំ២០១៥ មានឈ្មោះ វែង សម្បត្តិ តំណាងឲ្យឈ្មោះ ថៃ អ៊ុយ នាយកក្រុមហ៊ុន ថៃ ហេងឡុង អាហរ័ណនីហរ័ណ បានធ្វើបណ្តឹងចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ មកកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយបានយកឯកសារប័ណ្ណសម្គាល់កម្មសិទ្ធិដែលមានជនជាតិចិនទាំង១២ប័ណ្ណ មកប្រើប្រាស់ធ្វើការចោទប្រកាន់មកលៀកូនក្តីទាំង២៤នាក់ ថា បានរំលោភកាន់កាប់ដីជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ថៃ ហេងឡុង ។ លើសពីនេះទៀត ឈ្មោះ វែង សម្បត្តិ បានយកលិខិតពន្ធប្រកាសលើដីធ្លីឆ្នាំ២០១៥ ដែលចេញដោយសាខាខេត្តព្រះសីហនុ មកប្រើប្រាស់ជាសំអាងដោយលិខិតបង់នោះ គឺ បង់នៅចំណុច “ចំណោមរាម”ទេ ដោយដីអ្នកទាំង២៤នាក់ នៅចំណុច”ភូមិគគីរ”។

ក្រឡេកមើលរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុនិងការសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ នោះ លោកមេធាវី ចាត់ទុកថា ជារបាយការណ៍ភូតកុហកទាំងស្រុង និងជាការសម្រេចដោយភាពអយុត្តិធម៌ ។

ដោយឡែកម្ចាស់ដីជាច្រើននាក់ និង អាជ្ញាធរភូមិឃុំគគីរ សុទ្ធតែអះអាងថា ការចោទប្រកាន់របស់លោក ថៃ អ៊ុយ នាយកក្រុមហ៊ុនថៃ ហេងឡុង អាហរ័ណនីហរ័ណ គឺ ជាការចោទប្រកាន់ទម្លាក់កំហុសទាំងស្រុង ។

ទោះបីយ៉ាងណា រហូតមកពេលនេះ លោកមេធាវី ពុធ ធាវី បានប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយ ប្រឆាំងនឹងការសម្រេចឃុំខ្លួនលោក ឈន ផ្លុំ ហើយសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់ភាពយុត្តិធម៌ជូនកូនក្ដីជាមិនខាន ។

ឆ្លើយតបសន្និសីទកាសែតនេះ សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានចេញសេចក្តីថ្លែងការណ៍បំំភ្លឺផងដែរ ដោយចាត់ទុកថា សន្និសីទកាសែតទាក់ទងនឹងការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឈន ផ្លុំ បានប៉ះពាល់ដល់ដំណើរការស៊ើបសួរផងដែរ ៕ចេស្តា


ចែករំលែក៖