ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វាយខ្នោះជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វាយខ្នោះជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន៣កញ្ចប់តូច ខណៈរូបគេកំពុងតែដើរលក់ថ្នាំញៀន កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ ចំណុចមុខវត្តប្រយូរវង្ស ផ្លូវព្រះនរោមត្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ធី ម៉ង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខM៨២ ផ្លូវលេខ៣០៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងសមត្ថកិច្ចទន្លេបាសាក់បានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យខាលើកំពុងដើរ លុះពេលកម្លាំងសមត្ថកិច្ចជិះម៉ូតូជិតដល់ បានហៅឃាត់សួរនាំ ស្រាប់តែជនសង្ស័យ បម្រុងរត់ តែត្រូវសមត្ថកិច្ចដេញឃាត់បាន ក៏ឆែកឆេរនៅលើដងខ្លួន រកឃើញនីហោប៉ៅខាងស្តាំចំនួន៣កញ្ចប់ថង់តូច។

ក្រោយមកកម្លាំងបានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបញ្ចូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ធាននគរនបាលខណ្ឌចំការមនដើម្បីបន្តអនុវត្តតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖