ព័ត៌មានទាន់ហេតុការណ៍៖

បិទសិប្បកម្មស្ល-ដេញមាសប្រាក់មួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញៈ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះចុះទៅត្រួតពិនិត្យ និងប្រកាសបិទទីតាំងសិប្បកម្មដេញកម្ទេច​មាសប្រាក់១កន្លែងរបស់លោក ឡោះ រ៉ះសេត ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះថា ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅ។

លោក ជា ពិសី បានឲ្យដឹង​ថា ទីតាំងសិប្បកម្មស្លដេញកម្ទេច​មាស-ប្រាក់ខាងលើ ត្រូវបានបិទចោលជាបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែចំពោះទីតាំងសប្បកម្មដេញមាស-ប្រាក់ដទៃទៀត ដែលនៅក្បែរគ្នានោះ ក៏ប្រហែលជាអាចប្រឈមការបិទចោលផងដែរ បើការស្រាវជ្រាវរកឃើញថា មានប្រើប្រាស់ជាតិអាស៊ីត និងមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា បណ្ដាលឲ្យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើសុខភាពប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ជា ពិសី ថ្លែងឲ្យដឹងទៀតថា មុនឈានទៅដល់ការប្រកាសបិទទីតាំងសិប្បកម្មស្លដេញកម្ទេចមាសប្រាក់ជាបណ្ដោះអាសន្នខាងលើនេះគឺអាជ្ញាធរខណ្ឌឫស្សីកែវធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ លើបញ្ហាប្រឈម ក្នុងការប្រើប្រាស់សារធាតុគីម៊ី «អាស៊ីត» ដើម្បីស្លដេញកម្ទេច​មាសប្រាក់ ដែលបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់ពួកគាត់។កន្លងមកនេះ អាជ្ញាធរខណ្ឌ បានធ្វើលិខិតស្នើមួយ ទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ ក្នុងការបិទសិប្បកម្មស្លដេញកម្ទេច​មាសប្រាក់នេះចោល ក៏ព្រោះតែឃើញមានច្បាប់ទម្លាប់ត្រឹមត្រូវ «មានអាជ្ញាប័ណ្ណ» ប៉ុន្តែចាំបាច់ត្រូវតែបិទចោលជាបណ្ដោះអាសន្នសិន ចាប់ពីពេលនេះ ថ្ងៃនេះតទៅ ដោយរង់ចាំសេចក្ដីសម្រេចពីសាលារាជធានីភ្នំពេញ ថាត្រូវបិទទាំងស្រុងជាស្ថាពរ ឬយ៉ាងណានោះ នៅពេលក្រោយ។

លោក ជា ពិសី បានថ្លែងបន្តថា ជាក់ស្ដែងទីតាំងបើកសិប្បកម្មស្លដេញកម្ទេច​មាសប្រាក់ដទៃទៀត ដែលនៅក្បែរគ្នានោះ មិនថាតូច ឬធំឡើយ ក៏អាចប្រឈមការបិទចោលជាបន្តបន្ទាប់ផងដែរ ប្រសិនបើក្នុងករណីស្រាវជ្រាវត្រួតពិនិត្យ ហើយបានរកឃើញថា មិនមានច្បាប់អនុញ្ញាត៕ ប្រាថ្នា

 


ចែករំលែក៖