ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទូរីសដាច់ហ្វ្រាំងបុករះមូតូ២គ្រឿងរងការខូចខាត ចំណែកអ្នកបើកបរម៉ូតូរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ២គ្រឿងរងការខូចខាត និងអ្នកបើកបររងរបួសស្រាល ខណៈជួបនិងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តទូរីសដាច់ហ្វ្រាំងបុករះ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជាបួនលេខ១០១៩(ភ្នំពេញ ហាណូយ) កែងនឹងផ្លូវសម្តេចជាស៊ីម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរមានឈ្មោះ ពួ ហម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល ពីស្វាយរៀង មកភ្នំពេញ ចំណែកភាគីខាងម៉ូតូទាំងពីរនាក់ ពុំស្គាល់អត្តសញ្ញាណទេ។

ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តទូរីស១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2k.4928 បើកបរដោយបុរសខាងលើ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្តខាងលើនោះរេចង្កូតទៅបុកនឹងស្លាកប៉ាណូនៅកែងផ្លូវ ហើយក៏ជុ្រលទៅបុករះម៉ូតូ២គ្រឿងទៀត ដែលបើកបរក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យរងការខូចខាតតិចតួចហើយអ្នកបើកបររងរបួសស្រាល។

ប្រភពពីអ្នកបើកបរបានឲ្យដឹងថា រូបគាត់បានបើករថយន្តខាងលើ ដោយទៅយកអ្នកដំណើរពីផ្លូវ៩២ ហើយក្នុងគោលបំណងត្រឡប់ទៅផ្សារច្បារអំពៅ និងទៅស្វាយរៀងវិញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់គាត់ដាច់ហ្វ្រាំងជាន់មិនស៊ីទើបធ្វើឲ្យរថយន្តរេចង្កូតបុករះម៉ូតូតែម្តង។

ក្រោយកើហេតុ ក៍មាននគរបាលចរាចរណ៍ចុះមកវាស់វែងហើយយករថយន្តបង្ក និងម៉ូតូរួមទាំងអ្នកបើកបរមកដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

នគរបាលចរាចរខណ្ឌសែនសុខបានឲ្យដឹងថា នៅពេលមកដោះស្រាយ ភាគីខាងម្ចាស់រថយន្តព្រមចេញថ្លៃខូចខាតឲ្យទៅភាគីខាងម៉ូតូទាំង២ដើម្បីបញ្ចប់រឿង៕ តុងសីហា


ចែករំលែក៖