ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូនាំគ្នាដេញចាប់បានភ្លាមៗ ប្រគល់អោយប៉ូលិសប៉ុស្តិ៍ឃ្មួញចាត់ការតាមច្បាប់ កាលពីវេលាម៉ោង២និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនសង្ស័យជាប់ចោទឈ្មោះ សេង ចិន្តា អាយុ៣៧ឆ្នាំ គ្មានមុខរបរច្បាស់លាស់ សព្វថ្ងៃ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោក ភី សុវុឌ្ឍី អាយុ២៧ឆ្នាំ ទីលំនៅភូមិសំរោងសង្កាត់ឃ្មួញ ជាជនរងគ្រោះនិងជាម្ចាស់ម៉ូតូបានរៀបរាប់ថា កាលពីម៉ោង១១កន្លះថ្ងៃត្រង់ ថ្ងៃទី២៨ ខែកក្កដា គឺជនសង្ស័យទាំង២នាក់នេះ បានឈរេរាក្បែរការដ្ឋានសំណង់ផ្ទះល្វែងកំពុងសាងសង់ ដែលគាត់ធ្វើការនៅទីនោះ ហើយគាត់ក៏បានដេញពួកគេអោយចាកចេញពីទីនោះ។
គាត់បន្តថា បន្ទាប់មកគាត់ក៏បានចាកចេញពីទីនោះដែរ មកហូបបាយថ្ងៃត្រង់និងមកជួបមិត្តភក្តិម្នាក់នៅភូមិឃ្មួញ ដើម្បីពិភាក្សាការងារហើយក៏បានផឹកស្រាប៊ៀររហូតដល់ម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ គាត់បានឮសូរសម្លេងធាក់ម៉ូតូក៏នាំគ្នាចុះមកមើលម៉ូតូមិនឃើញក៏ចេញមកផ្លូវឃើញមានមនុស្ស២នាក់កំពុងអូសបណ្តើរតាមផ្លូវ ទើបគាត់ស្រែកចោរៗអោយអ្នកភូមិជួយ ដេញចាប់បានម្នាក់ជនខាងលើនិងយកម៉ូតូបានមកវិញប្រគល់ជនល្មើសនេះអោយមកប៉ូលិសមូលដ្ឋានចាត់ការតែបក្ខពួកគេម្នាក់ទៀតរត់គេខ្លួនបាត់ តែប៉ូលិសបានឆែកឆេក្នុងខ្លួនគេរកឃើញដែកកែច្នៃជាឧបករណ៍សំរាប់កាច់បំបាក់សោរម៉ូតូចំនួន១ដើមផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់៕ តុង សីហា