ខេត្តពោធិ៍សាត់៖ បុរសវ័យកណ្ដាលម្នាក់ក្នុងចំណោម ៣នាក់ ត្រូវបានគេអះអាងថា នាំគ្នាចូលព្រៃក្នុងគោលបំណងទៅដើររកឃ្មុំ ខណៈនោះគាត់បានប្រទះឃើញសត្វពស់ ១ក្បាលធំ ស្មានថាព ស់សង់សឿ ក៏ស្ទុះទៅចាប់ ចៃដន្យត្រូវពស់ខាំចុកស្លាប់ ខណៈមានការយឺតយ៉ាវក្នុងការបញ្ជូនជនរងគ្រោះមកជួយសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងព្រៃភ្នំត្រង់ចំណុចភ្នំអន្លង់ធ្នង់ ស្ថិតក្នុងភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃដ្ឋាននគរបាលស្រុកក្របានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈន ធុល ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ក្រិច កឿន អាយុ ៤១ឆ្នាំ និងកូនស្រីប្រុសចំនួន ៣នាក់ បច្ចុប្បន្ន រស់នៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តថា ជនរងគ្រោះបានចេញដំណើរទៅដើររកសត្វឃ្មុំមានគ្នាចំនួន ៣នាក់ លុះនាំគ្នាដើរដល់កន្លែងកើតហេតុបានបំបែកផ្លូវគ្នាដើម្បីរកសត្វឃ្មុំ ខណៈនោះបុរសរងគ្រោះបានប្រទះឃើញសត្វពស់ ១ក្បាលធំប៉ុនកំភួនដៃ ក៏ស្ទុះទៅចាប់កន្ទុយ ទើបបកខាំចំដៃស្ដាំ ជនរងគ្រោះបន្តចាប់សត្វពស់ ១ក្បាលនេះរហូតទាល់តែបានដាក់ចូលការរ៉ុងរួចរាល់ ទើបស្រែកហៅបក្ខពួក ២នាក់មកប្រាប់ថា ខ្លួនចាប់សត្វពស់បាន ១ក្បាល ប៉ុន្តែពួកគាត់មិនបានចាប់អារម្មណ៍ និងគិតថា សត្វពស់១ក្បាលនេះមានពឹសទាល់តែសោះ ព្រោះពួកគាត់គិតថា ពស់នេះគឺពស់សង់សឿ វាគ្នានពឹសទេ លុះក្រោយមកជនរងគ្រោះក៏ចាប់ផ្ដើមចុកជាបណ្ដើរៗ ទើបនាំគ្នាមកផ្ទះ និងរៀបចំចាត់ចែងបញ្ជូនជនរងគ្រោះ ទៅមណ្ឌលសុខភាពឃុំឈើតុំ ដើម្បីជួយសង្រ្គោះ ប៉ុន្តែជាអកុសលពឹសសត្វពស់បានជ្រាបសព្វសាច់ពេញខ្លួនប្រាណអស់ទៅហើយ ទើបមិនអាចជួយបានក៏ដាច់ខ្យល់ស្លាប់គួរឲ្យអាណោចអាធ័មបែបនេះ។
លោក អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តទៀតថា ក្រោយកើតហេតុ មន្រ្តីជំនាញចុះដល់ផ្ទះជនរងគ្រោះដើម្បីពិនិត្យ និងស្រាវជ្រាវចាប់យកវត្ថុតាង លទ្ធផល៖ ឃើញថា សាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ទើបជំនាញធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីខ្មែរ។
លោក បញ្ជាក់បន្ថែមបន្តទៀតថា មូលហេតុដែលធ្វើឲ្យជនរងគ្រោះស្លាប់ទៅបានបែបនេះ ពួកគាត់មិនចាប់អារម្មណ៍ពាក់ព័ន្ធសត្វពស់មានពឹស និងគ្មានពឹសនោះ ព្រោះអាយុគាត់ប៉ុននេះហើយៗនៅតំបន់ព្រៃភ្នំទៀត គាត់ពិតជាស្គាល់ណាស់សត្វពស់ ប៉ុន្តែលោកសូមអំពាវនាវឲ្យពលរដ្ឋគ្រប់រូបប្រុងប្រយ័ត្នជានិច្ចចំពោះសត្វពស់ទាំងអស់ ហើយសត្វពស់នេះ វាអាចជាសត្វពស់សង់សឿពិតប្រាកដ តែកុំភ្លេចថា សត្វពស់នានា វាមានកូនកាត់ហើយវាសាហាវណាស់៕ ប៉ឹម ពិន