ខេត្តស្វាយរៀងៈ លោកតូច ប៉ូលីវ៉ា អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានសហភាពសហពន្ធ័យុវជនចុះជួយស្រុកកំពង់រោទ៍ បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងពិធីអាហារសាមគ្គីថ្លែងអំណរគុណដល់អ្នកអង្កេតការណ៍ជាតិក្នុងយុទ្ធធានាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណ្ណត្តិទី៤កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៧។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកអនុប្រធានក្រុមការងារ ស.ស.យ.ក យុវជនស្រុកកំពង់រោទ៍ គណៈកម្មាធិការសសយកស្រុក និងក្រុមការងារយុវជនភូមិ ឃុំទាំង១១យ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងឱកាសនោះលោកតូច ប៉ូលីវ៉ា ប្រធានសហភាពសហពន្ធ័យុវជនចុះជួយស្រុកកំពង់រោទ៍បានពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ក៏ដូចជាលោកឌី វិជ្ជា ប្រធានសហភាពសហពន្ធ័យុវជនខេត្តស្វាយរៀង ដែលតែងតែគិតគូរដល់បងប្អូនយុវជនសសយកទាំងអស់ ហើយមិនតែប៉ុណ្ណោះ ក្នុងយុទ្ធធានាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណ្ណត្តិទី៤ នាពេលកន្លមក គឺទទួលបានជោគជ័យ ព្រមទាំងមានមោទនភាព និងបានចំណេះដឹងបទពិសោធន៍ ព្រមទាំងមានការលើកសសើរចំពោះបងប្អូនអ្នកអង្កេតការណ៍ទាំង២២១នាក់របស់ថ្នាក់ដឹកនាំផងដែរ។
លោកក៏បានលើកទិសដៅបន្តថា ត្រូវជ្រើសរើសយុវជនស្ម័គ្រចិត្តសង្កេតការណ៍ក្នុងពេលធ្វើបច្ចប្បន្នភាពបញ្ជីឈ្មោះឆ្នាំ២០១៧ ត្រៀមជ្រើសរើសយុវជនស្ម័គ្រចិត្តសង្កេតករណ៍ក្នុងពេលបោះឆ្នោត ដោយជ្រើសរើសមួយការិយាល័យចំនួន២នាក់ ដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ខាងមុខ ដោយរើសយ៉ាងណា កុំឲ្យជាន់ជាមួយភ្នាក់ងារគណបក្ស។
មិនតែប៉ុណ្ណោះ យុវជនស្រុកត្រូវហ្វឹកហាត់កីឡាករ សម្រាប់ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីផ្សេងៗ ធ្វើយ៉ាងណាអោយយុវជនងាកមករកការសិក្សារៀនសូត្រ គាំទ្រសកម្មភាព ស ស យ ក និងជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផងដែរ។
លោកក៏បានជម្រុញដល់យុវជនទាំងអស់ជួយលើកកម្ពស់វិស័យកសិកម្មក្នុងការចិញ្ចឹមជ្រូកដល់ប្រជាកសិករ ខណៈដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងតែយកចិត្តទុកដាក់ជាខ្លាំង ដូចជាស្ថាបនាផ្លូវថ្នល់ ប្រឡាយទឹក វិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំផងដែរ៕ យឹម សុថាន