ភ្នំពេញ៖ ស្រាបៀរថៃហ្គ័រ និងអង្គការ WWF អំពាវអំនាវមនុស្សនៅទូទៅពិភពលោកចូលរួមអបអរទិវាសត្វខ្លាធំ ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៩ ខែកក្កដា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់ តាមរយៈការចូលរួមក្នុងយុទ្ធនាការ #3890Tigers (3890tigers.com)ដែលជាយុទ្ធនាការលើប្រព័ន្ធឌីជីថល ដែលលាតត្រដាងពីសិល្បៈ និងការច្នៃប្រឌិត ដើម្បីបង្កើនការយល់ដឹងជាសកលអំពីស្ថានភាពរបស់សត្វខ្លាធំ។
កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧នៅក្នុងបរិវេណផ្សារទំនើបអ៊ីអនក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនចូលរួម។
សត្វខ្លាធំស្ទើរតែជិតផុតពូជនៅទូទាំងពិភពលោក។ ចំនួនសត្វខ្លាធំបានធ្លាក់ចុះ 96 ភាគរយនៅក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះចាប់ពីចំនួន ១០ម៉ឺនក្បាលរហូតដល់៣៨៩០ក្បាលសព្វថ្ងៃនេះ។ ការជួញដូរសត្វខ្លាធំដោយខុសច្បាប់គឺជាហេតុផលសំខាន់មួយដែលកំពុងធ្វើឲ្យបាត់បង់សត្វខ្លាធំ។ ជារៀងរាល់ឆ្នាំ សត្វខ្លាធំជាងមួយរយក្បាលត្រូវបានសម្លាប់ និងផ្នែករបស់សត្វខ្លាធំត្រូវបានដាក់លក់រកប្រាក់ចំណេញ ដែលភាគច្រើនជួញដូរតាមរយៈសហគ្រាសឧក្រិដ្ឋជនអន្តរជាតិ។
យុទ្ធនាការ 3890Tigers គឺជាផ្នែកមួយនៃកិច្ចសហការជាសាកលរយៈពេលប្រាំមួយឆ្នាំរវាងស្របៀរថៃហ្គ័រ និងអង្គការ WWF ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តជាសកល Tx2 ដែលធ្វើឡើងដោយបណ្តារដ្ឋាភិបាលនៃប្រទេសចំនួន ១៣ដែលមានសត្វខ្លាធំក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកឲ្យបាន ៦ពាន់ក្បាលត្រឹមឆ្នាំ ២០២២។ កិច្ចសហការរយៈពេលប្រាំមួយឆ្នាំនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៧ដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់១លានដុល្លារអាមេរិកពីស្រាបៀរថៃហ្គ័រ។
ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ១៣ប្រទេសដែលមានសត្វខ្លាធំ ហើយរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការបង្កើនចំនួនសត្វខ្លាធំទូទាំងពិភពលោកដោយអនុម័តផែនការសកម្មភាពបង្កើនសត្វខ្លាធំក្នុងប្រទេសកម្ពុជា ដែលផ្តោតលើការនាំសត្វខ្លាធំទៅកាន់តំបន់ទំនាបប៉ែកខាងជើងនៃប្រទេសកម្ពុជា។
ក្នុងប្រភេទពពួកសត្វ ដែលស៊ីសាច់ជាអាហារ (សត្វមំសាសី)សត្វខ្លាធំដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ីឲ្យបានល្អដែលគាំទ្រប្រភេទសត្វជាច្រើនទៀត។ ពួកវានឹងរលាយបាត់ឆាប់ៗប្រសិនបើមិនបានចាត់វិធានការអ្វីមួយ និងបើគ្មានសត្វខ្លាធំនៅក្នុងប្រព័ន្ធអេកូ ប្រភេទសត្វដទៃទៀតច្រើនឥតគណនានឹងរងផលប៉ះពាល់។
កាលពីខែឧសភាកន្លងទៅ ស្រាបៀរថៃហ្គ័រ និងអង្គការ WWFបានបើកយុទ្ធនាការ 3890Tigersដើម្បីទាញចំណាប់អារម្មណ៍សាធាណជនឲ្យផ្តោតលើស្ថានភាពសត្វខ្លាធំនៅប្រទេសកម្ពុជានិងលើពិភពលោក។តាមរយៈការប្រើប្រាស់ឧបករណ៍លើប្រព័ន្ធឌីជីថល Tiger Art Intelligence (AI) យុទ្ធនាការនេះបានទាក់ទាញសាធារណជនឲ្យប្រកាសពីជំហរបស់ខ្លួនក្នុងការប្រឆាំងនឹងការជួញដូរសត្វខ្លាធំនិងបានប្រមូល បានលិខិតសន្យាជាង 25,000 លិខិតទូទាំងពិភពលោក។ ការបង្ហោះខ្លឹមសារលើបណ្តាញទំនាក់ទំនងសង្គមរបស់ស្រាបៀរថៃហ្គ័របានទៅដល់សាធារណជនចំនួនលើសពី 41 លាននាក់ ហើយទទួលបានការឆ្លើយតបចំនួនជាង 5.9 លាននាក់ទូទាំងពិភពលោក ដែលក្នុងនោះនៅប្រទេសកម្ពុជាមានចំនួន 1.2 លាននាក់ និងការឆ្លើយតបចំនួន 385,000 នាក់។
ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតអំពីស្ថានភាពអាសន្នក្នុងការ ការពារសត្វខ្លាធំទូទាំងពិភពលោក និង ពពួកសត្វស៊ីសាច់ជាអាហារនៅក្នុងប្រទេសកម្ពុជា ទិវាសត្វខ្លាធំ ត្រូវបានប្រារព្ធធ្វើឡើងនៅផ្សារទំនើបអ៊ីនអន នាថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ដោយកម្មវិធីនេះរួមមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា ពិព័រណ៌រូបភាពនិងគំនូរ3Dអំពីសត្វខ្លាធំ ការសម្តែងពីតារាចម្រៀងល្បីៗជាច្រើនរូប កម្មវិធីសំណួរចម្លើយ និងកម្មវិធីទាក់ទាញជាច្រើនផ្សេងទៀត។
លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា៖“យើងមិនអាចស្រមៃមើលពិភពលោកមួយដែលមិនមានវត្តមានសត្វខ្លាធំនោះទេ ដូច្នេះ ការអភិរក្សជារឿងចាំបាច់ ហើយវាជាកិត្តិយសសម្រាប់យើងដែលបានចាប់ដៃគូជាមួយអង្គការ WWF គាំទ្រកិច្ចប្រឹងប្រែងអភិរក្សនេះ។ក្នុងអំឡុងយុទ្ធនាការ 3890 Tigers រយៈពេលពីរខែកន្លងមកនេះ យើងបានឃើញយុវជនជាច្រើនបានចូលរួម និងប្រកាសជំហរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំ។ ថ្ងៃនេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់កិច្ចសហការរបស់យើងក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំ និងជម្រុញយុវជនឲ្យចូលរួមកាន់តែច្រើនថែមទៀត។
លោក Seng Teak នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖“សត្វខ្លាធំជាប្រភេទសត្វឆើតឆាយនិងមានអំណាច ដែលជាទីស្រលាញ់ចូលចិត្តនៃមនុស្សជាច្រើន ហើយចាត់ទុកវា ជាសម្បត្តិជាតិនិងពិភពលោក។ យើងសុំឲ្យសាធាណជនទូទៅចូលរួមកាពារសត្វខ្លាធំ តាមរយៈការអំពាវអំនាវឲ្យអ្នកបរិភោគបញ្ឈប់ការទិញសាច់សត្វព្រៃ និងសូមឲ្យរដ្ឋាភិបាលកម្ពុជាបង្ក្រាបឲ្យមានប្រសិទ្ធភាព លើការដាក់អន្ទាក់នៅក្នុងតំបន់ព្រៃការពារ”។លោក Seng Teak បន្តទៀតថា៖ “ការដាក់អន្ទាក់ គឺជាឃាតករលាក់មុខសំលាប់ជីវិតសត្វព្រៃ រួមទាំងសត្វខ្លាធំផងដែរ ហើយវាកំពុងតែធ្វើឲ្យអន្តរាយដល់ចំនួនសត្វព្រៃនៅប្រទេសកម្ពុជា និងទូទាំងពិភពលោក”។
សូមចូលរួមក្នុងយុទ្ធនាការនេះដោយចូលទៅកាន់គេហទំព័រ៖ 3890tigers.com និងលាតត្រដាងពីសិល្បៈក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់៕ វឌ្ឍនា