ភ្នំពេញ៖ ទីតាំងស្តុកកម្ទេចក្រណាត់មួយកន្លែងនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់”ស៊ីងតិច” ត្រូវបានអគ្គីភ័យឆាបឆេះឡើង យ៉ាងសន្ធោរសន្ធៅ ដោយមិនទាន់ដឹងពីមូលហេតុនោះឡើយ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងចក្រខាងលើដែលមានទីតាំងស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រោងចក្រកាត់ដេរខាងលើនោះមិនបានដំណើរការមួយរយៈពេលកន្លងមកហើយ គឺបានបិទទ្វារ ចោលរហូត ចំណែកទីតាំងដែលស្តុកកម្ទេចក្រណាត់នោះស្ថិតនៅជាប់របងក្បែរផ្លូវលំ ហើយនៅពេលកើតហេតុខាងលើ ប្រជាពល រដ្ឋដែលមានទីលំនៅជិតនោះ បានប្រទះឃើញមានផ្សែងហុយយ៉ាងខ្លាំងចេញពីទីនោះ ក៏បាននាំគ្នាទៅមើលស្រាប់តែឃើញភ្លើង កំពុងឆេះកម្ទេចក្រណាត់នោះពេញបន្ទុកទៅហើយ។ខណៈនោះបានធ្វើឲ្យពួគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បាននាំគ្នាយកបំពង់ ពន្លត់អគ្គីភ័យបាញពន្លត់អស់ជាច្រើនបំពង់ ប៉ុន្តែមិនបានរលត់ឡើយ ទើបរាយការណ៏សុំ ការអន្តរាគមន៏ពីនគរបាល ហើយកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្ដិ៍ចោមចៅបានចុះទៅកាន់ទីនោះភ្លាមៗ និងបានហៅ រថយន្តពន្លត់អគ្គីភ័យ៤គ្រឿទៅបាញ់ ទើបរលត់ទៅវិញ។
ប្រភពដដែលបានបន្តទៀតថា កម្ទេចក្រណាត់ដែលគេស្តុកនៅក្នុងទីតាំងខាងលើនោះ មានរយៈពេលច្រើនឆ្នាំកន្លងមកហើយ តាំងពីរោងចក្រដំណើរការរហូតដល់ពេលបិទទ្វារ មិនត្រូវបានគេដឹកយកចេញទៅណាឡើយ ហើយនៅពេលមានអគ្គីភ័យកើត ឡើងមិនមាននរណាម្នាក់បានដឹងថា បណ្ដាលមកពីមូលហេតុអ្វីនោះឡើយព្រោះគ្មានអ្នកនៅទីនោះ។ ប៉ុន្តែមានការសង្ស័យថាអាច កើតឡើងដោយសារតែទី១,ទុកយូរពេកធ្វើឲ្យហប់ក្ដៅខ្លាំងទៅៗពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់បង្កឲ្យឆាបឆេះតែម្ដង ទី២,សង្ស័យមានអ្នកបោះចោលកន្ទុយបារីផ្ដេសផ្ដាស់ទៅលើទីតាំងនោះនិងទី៣,សង្ស័ថាមានអ្នកលួចដុតចោល។ទោះបីជាបែបណានគរបាលកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដហើយ៕ សុខាសែនជ័យ