ភ្នំពេញ ៖ ស្ត្រីម្នាក់ទំនងជាស្រវឹងស្រា ហើយបានឈ្លោះប្រកែកជាមួយប្តី រួចចុះទៅហែលទឹកទន្លទៅវិញ ហែលទៅមកប្រហែល៥ម៉ោង ទើបព្រមឡើងលើគោកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅចោមរោមមើលគ្រប់គ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៨យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវមាត់ទន្លេ ក្បែរសណ្ឋាគារសុខា ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ដែលគេស្គាល់ឈ្មោះ អៀង សោភ័ណ្ឌ អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិចាម សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា គាត់ដើរតាំងពីម៉ោងប្រហែល០៣រសៀល ហើយចុះទៅលើទូកនេសាទរបស់បងប្អូនខ្មែរ ឥស្លាម លោតចូលក្នុងទឹក ហែលទៅវិញទៅហែលមក ទោះបីជាកូនស្រីខំប្រឹងហែលតាមហៅម្តាយឲ្យចូលខាងវិញ ក៏ស្ត្រីជាម្តាយនោះមិនព្រមចូលខាងវិញដែរ នៅតែបន្តហែលទឹកទៅវិញទៅមករហូតដល់ម៉ោងជិត០៨យប់ ដោយហែលតាំងពីមុខសណ្ឋាគារសុខារហូតដល់មុខវត្តចាស់ ទើបស្ត្រីរូបនោះហែលទៅជិតទូកបងប្អូនខ្មែរឥស្លាមចតនៅមាត់ច្រាំងទន្លេ ត្រូវម្ចាស់ទូកចុះទៅជួយស្រង់យកមកលើគោកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋគាត់នាំគ្នាចោមរោមមើល ។
ពេលដែលស្ត្រីហែលទឹករាប់ម៉ោង ឡើងមកដល់លើគោកវិញ បាននិយាយទាំងសភាពស្រវឹងស្រាថា មូលហេតុដែលគាត់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនឯង ដោយសារតែគាត់ខឹងប្តីរបស់គាត់ ។ គាត់ថា គាត់មានប្តី២នាក់ បានកូន៤នាក់ ប្រុស៣នាក់ និងកូនស្រីម្នាក់ ប្តីទីមួយស្លាប់ចោល ហើយយកប្តីក្រោយទៀត ប៉ះចំប្តីគេ វាយធ្វើបាបរូបគាត់ ធ្វើឲ្យគាត់ពិបាកចិត្តពេក សម្រេចគិតខ្លីលោតទឹកសម្លាប់ខ្លួនតែម្តង ។
ស្ត្រីខាងលើបានរៀបរាប់ទៀតថា គាត់ចង់សម្លាប់ខ្លួន បានលេបថ្នាំសម្លាប់ខ្លួន៣ដងរួចមកហើយ និងធ្លាប់លោតទឹកសម្លាប់ខ្លួនផងដែរ នៅតែមិនស្លាប់ គ្រាន់តែពេលលេបថ្នាំសម្លាប់ខ្លួនម្តងៗពិបាកណាស់ ត្រូវគេបញ្ចូលទឹកតាមច្រមុះដើម្បីលាងក្រពះ ។ ដោយសារតែគាត់ពិបាកចិត្តរឿងប្តី និងរឿងកូនប្រុសប្រើប្រាស់ថ្នាំញៀនផង ទើបធ្វើឲ្យគាត់ផឹកស្រាជារៀងរាល់ថ្ងៃ ។ នៅថ្ងៃកើតហេតុ គាត់ឈ្លោះប្រកែកជាមួយប្តី រួចបានចុះទៅហែលទឹកសម្លាប់ខ្លួនបែបនេះ ។ បន្ទាប់ពីកើតហេតុរួចស្រ្តីខាងត្រូវបានក្រុមគ្រួសារនាំត្រឡប់ទៅផ្ទះវិញ៕ ជ្រោយពេជ្រ