ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់សម្តីយកដំបងឈើវាយគេ នគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយសារគំនុំក្នុងទំនាស់ពាក្យសម្តី បានធ្វើឲ្យបុរសម្នាក់ក្តៅក្រហល់ក្រហាយ ឈានដល់យកដំបងឈើវាយសំពងទៅលើគូទំនាស់របស់ខ្លួនបណ្តាលឲ្យរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅចាត់ការតាមច្បាប់ ។

ប្រភពបានរាយការណ៍ថា កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសត្តឃាត ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ មានករណីហិង្សាដោយ ចេតនា មួយកើតឡើង បង្កដោយជនសង្ស័យ១នាក់ ឈ្មោះ តេង ស្រ៊ុន ហៅម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកាប់ជ្រូក មានទីភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រើដំបងឈើមូលប្រវែង៦៧សង្ទីម៉ែត្រវាយទៅជនរងគ្រោះចំនួន២នាក់បណ្តាលឲ្យរងរបួសក្នុងទំនាស់ពាក្យសម្តី ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ១.ឈ្មោះ លី ទី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកាប់ជ្រូក មានទីលំនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសត្រង់ក្បាលខាងក្រោយ និងក និង២.ឈ្មោះ លី ហាវ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនអ្នកទី១ រងរបួសត្រង់ ក្បាលពោះ។ រីជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ។

បច្ចប្បន្នជនសង្ស័យរួមទាំវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖