ភ្នំពេញ៖ ព្រឹត្តិការប្រគំតន្ត្រីសប្បរសធម៌ដ៏ធំមួយ នឹងត្រូវរៀបចំឡើងនៅចំនួន១០ខេត្ត រាជធានី នៅក្នុងអំឡុងខែកញ្ញា ខាងមុខនេះ ក្រោមវត្តមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបចូលរួម ។
ការប្រគំតន្ត្រីខាងលើកគឺជាគម្រោងរបស់ក្រុមហ៊ុន «The Elite Asia Advertising» ដែលជាកម្មវិធីប្រគំតន្ត្រីមូលនិធិទ្រទ្រង់សិល្បករចាស់ជរា និងទុរគតជន ដែលចាប់ផ្តើមចេញនៅខែកញ្ញាខាងមុខនេះ រហូតដល់ទៅ១០ខេត្ត-រាជធានីដោយចំណូលដែលចំណេញពីការប្រគំតន្ត្រីមូលនិធិនេះ ចំនួន៦០ភាគរយនឹងត្រូវផ្តល់ជូនទៅឲ្យសិល្បករចាស់ជរាទុរគតជនព្រមទាំងមន្ទីរពេទ្យ«គន្ធបុប្ផា»។
លោកសុខ សន្យា ប្រធានគម្រោងកម្មវិធីបានថ្លែងឲ្យដឹងថា ដោយមានការគាំទ្រពីសំណាក់ដៃគូសហការមួយចំនួន លោកបានសម្រេចិត្តប្រមែប្រមូលសិល្បករ-សិល្បការិនីល្បីៗជាច្រើន មានដូចជាតារាសម្ដែង តារាចម្រៀងតារាកំប្លែង និងក្រុមកំប្លែងជាដើម ដើម្បីរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំតាមខេត្តក្រុងផ្សេងៗ ស្វែងរកមូលនិធិដើម្បីជួយដល់សិល្បករ-សិល្បការិនីចាស់ៗបាត់បង់សមត្ថភាពជនចាស់ជរាក្មេងកំព្រានិងដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងតែទទួលរងនូវការខ្វះខាត។
លោកបន្តថា កម្មវិធីប្រគំតន្រ្តីទ្រង់ទ្រាយធំនេះត្រូវបានរៀបចំឡើងចំនួន១០ទីតាំងផ្សេងៗគ្នាតាមបណ្ដាខេត្តក្រុងនានាដោយចាប់ផ្ដើមនៅដើមខែកញ្ញាខាងមុខនេះក្នុងនោះមួយទីតាំងយើងធ្វើការប្រគំចំនួន២យប់មានតារាចម្រៀងល្បីៗតារាកំប្លែងពិធីក-ពិធីការិនីនឹងឈុតឆាកពិសេសៗជាច្រើនទៀតដើម្បីឲ្យអ្នកទស្សនាកម្សាន្តសប្បាយប្លែកអារម្មណ៍។
លោកបន្ថែមជាចុងក្រោយថា ថវិកាដែលបានមកពីការប្រគំតន្រ្តីទាំងនេះ នឹងត្រូវផ្តល់ជូនដល់សប្បុរសជន និងមន្ទីរពេទ្យគន្ធបុប្ផា ដោយម្ចាស់ស្ពន់ស័រផ្ទាល់ ដោយលោកអ្នកអាចទំនាក់ទំនងបរិច្ចាគថវិកាតាមរយៈលេខទូរស័ព្ទ០៧០៥៥០៦៧០ / ០៩៥៤៨៨៥៨៥៕ វឌ្ឍនា