ភ្នំពេញ៖ ព្រឹត្តិការណ៍សិក្ខាសាលាអប់រំវិទ្យាសាស្រ្តនៅកម្រិតសិក្សាចំណេះទូទៅដ៏ធំនេះ មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ នាយក-នាយិកាសាលាជាង២០០នាក់ មកពីសាលានានា ក្នុងរាជធានីភ្នំពេញ ព្រមទាំងសិស្សានុសិស្សដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀតជាច្រើន។
នៅក្នុងប្រទេសកម្ពុជា ទោះបីនៅមានកង្វះខាតធនធានសម្រាប់ការធ្វើពិសោធន៍ជាក់ស្ដែង ឲ្យបានច្រើនដែលមានសារៈសំខាន់ខ្លាំង ក្នុងការសិក្សាមុខវិជ្ជាស្ទែម ឲ្យបានល្អក្រសួងនិងភាគីពាក់ព័ន្ធមានឆន្ទៈ និងបានព្យាយាមយកចិត្តទុកដាក់បង្កើនការអប់រំមុខវិជ្ជាស្ទែមនៅតាមសាលា។
នេះក៏ដោយសារតែការចូលរួមនិងឧបត្ថម្ភពីភាគីជាច្រើន ដែលសុទ្ធតែមានគោលបំណងជំរុញឲ្យការអប់រំមុខវិជ្ជាស្ទែមមានភាពល្អប្រសើរឡើង។ “សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអប់រំវិទ្យាសាស្រ្តបច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យានៅកម្រិតសិក្សាចំណេះទូទៅ”ដែលជាព្រឹត្តិការណ៍ដ៏ធំមួយសំដៅចែករំលែកផ្សព្វផ្សាយ និងលើកកម្ពស់ការអប់រំមុខវិជ្ជាវិទ្យាសាស្រ្តបច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាឬហៅថាស្ទែមនៅតាមគ្រឹស្ថានសិក្សាចំណេះទូទៅនៅទូទាំងប្រទេស។
សិក្ខាសាលានេះ បានរៀបចំឡើងកាលពីពេលថ្មីៗនេះ ដោយKids City Asia ដែលជាដៃគូមួយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាក្រោមកិច្ចសហការជាមួយក្រសួងអប់រំយុវជននិងកីឡា។ លោកDavid Nutmanអគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា“ការអប់រំទៅលើមុខវិជ្ជាស្ទែមមានលក្ខណៈស្របទៅនឹងគុណតម្លៃរបស់ក្រុមហ៊ុនព្រូដិនសលកម្មវិធីអំណានដំបូងនិងកម្មវិធីអំណានហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារឆា-ឈីងនិងកម្មវិធីអប់រំសហគមន៍សំខាន់ៗជាច្រើនទៀតរបស់យើង។ យើងក៏សង្ឃឹមថាកម្មវិធីទាំងនេះនឹងជួយធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានព្រមទាំងផ្តល់ឱកាសជាច្រើនដល់កុមារនិងយុវជនឲ្យពួកគាត់មានក្តីសុបិន្តកាន់តែធំនិងបង្កើនចំណេះដឹងមូលដ្ឋានដើម្បីអនាគតដ៏ប្រសើរ។”
លោកអ៊ឹមកុចរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាក៏បានប្រសាសន៍ផងដែរថា“យើងបានដឹងហើយថាចំណេះដឹងនិងសមត្ថភាពជំនាញលើមុខវិជ្ជាវិទ្យាសាស្រ្តបច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យារបស់យើងនៅមានកម្រិតទាបនៅឡើយ។សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអប់រំមុខវិជ្ជាស្ទែមនៅកម្រិតសិក្សាចំណេះទូទៅនៅពេលនេះពិតជាមានសារសំខាន់សម្រាប់លោកនាយកលោកស្រីនាយិកាយកធ្វើជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីសិក្សានិងសកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍគំនិតនិងទម្លាប់ធ្វើការជាក្រុមដើម្បីឲ្យមានជំនាញទន់។
លោកចាន់ សុផល ជាសាស្ត្រាចារ្យរូបវិទ្យានៅវិទ្យាល័យបឹងត្របែកបាននិយាយដូច្នេះថា“មុខវិជ្ជាស្ទែមនេះមានសារសំខាន់ណាស់ក្នុងការឲ្យសិស្សមានគំនិតច្នៃប្រឌិតក្នុងការធ្វើដូចជាផលប្រយោជន៍របស់មេដែកថាតើមេដែកមួយអាចបង្កើតបានអ្វីខ្លះដែលធ្វើឲ្យគាត់មានចំណាប់អារម្មណ៍និងស្រឡាញ់មុខវិជ្ជាវិទ្យាសាស្រ្តឡើងវិញហើយគាត់អាចយកគំនិតនេះទៅផ្សព្វផ្សាយទៅមិត្តភ័ក្តិគាត់ដ៏ទៃទៀត។
ការលើកកម្ពស់ការអប់រំមុខវិជ្ជាស្ទែមនៅកម្ពុជាគឺជាកិច្ចខិតខំប្រឹងប្រែងកំពុងបន្តមួយដែលមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនដូចជាក្រសួងអប់រំស្ថានទូតអង់គ្លេសអង្គការនិងក្រុមហ៊ុនវិស័យឯកជនរួមមានKids City និងក្រុមហ៊ុនព្រូដិនសលកម្ពុជាជាដើម។ សិក្ខាសាលានេះបានចែករំលែកកម្មវិធីនិងធនធានអប់រំដែលបានចងក្រងឡើងពាក់ព័ន្ធនឹងការអប់រំមុខវិជ្ជាស្ទែមទៅដល់ភាគីពាក់ព័ន្ធក៏ដូចជាជូនដំណឹងពួកគាត់អំពីកិច្ចសហការនានាទាក់ទងនឹងការអប់រំមុខវិជ្ជាស្ទែមនៅរាជធានីភ្នំពេញនិងក្នុងប្រទេសកម្ពុជា៕ វឌ្ឍនា