ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកថ្មលើសទម្ងន់៥គ្រឿងត្រូវក្រសួងសាធារណការ និងដឹកជញ្ជូនបង្រ្កាប និងពិន័យជាច្រើនលានរៀល

ចែករំលែក៖

ខេត្តតាកែវ៖ រថយន្តដឹកថ្មធំៗដែលលើសទម្ងន់កំណត់៥គ្រឿងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ផាកពិន័យជាច្រើនលានរៀលក្រោយពីព្រមានមិនស្តាប់ ។

ហេតុការណ៍ចាប់ឃាត់នេះធ្វើឡើងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក ស្ថិតនៅលើផ្លូវខេត្តលេខ ១២៩ ចន្លោះគីឡូម៉ែត្រលេខ ២៣ – ២៤ ក្នុងភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានឲ្យដឹងថា ក្រុមរថយន្តដឹកជញ្ជូនថ្មទាំងនេះ គឺយកទៅផ្គត់ផ្គង់ឲ្យក្រុមហ៊ុន លោកឧញ៉ា អ៊ុត ធី ដែលបានធ្វើឲ្យខូចផ្លូវខេត្ត និងផ្លូវជាតិដោយសារតែរថយន្តទាំងនេះ ដឹកជញ្ជូនលើសទម្ងន់យ៉ាងច្រើនលើសលប់ ដោយក្នុងមួយរថយន្តលើសរហូតដល់ ២០ តោន ។

លោក សួន សុទ្ធា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានឲ្យដឹងថា ការចុះបង្រ្កាបនេះ ក្រោយការបញ្ជាផ្ទាល់ពីលោក សេង ឈួន អនុរដ្ឋលេខាធិការដ្ឋានទប់ស្កាត់បទល្មើស ដឹកជញ្ជូនខុសច្បាប់ និងលើសទម្ងន់កំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ឯក រដ្ឋ បានឃាត់រថយន្តដឹកថ្មចំនួន ០៥ គ្រឿងដោយ ០១ គ្រឿង ឃាត់បាននៅនឹងកន្លែង និង ៤ គ្រឿងទៀត ព្យាយាមរត់គេចយកថ្មដែលដឹកយកទៅចាក់ចោល តែត្រូវបានកម្លាំងជំនាញសហការជាមួយអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឃាត់ប្រមូលយកមកវិញ និងបានយករថយន្តទាំងនោះទៅប្រមូលថ្មឡើងវិញ។

លោកបានបន្តទៀតថា រថយន្តទី១ ម៉ាក Hyundai ពាក់ស្លាកលេខ កំពង់ចាម 3A-6127 ទី ២ ម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 3A-1482 ទី ៣ ម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 3D-8452 ទី ៤ ម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 3D-9172 និងទី ៥ ម៉ាក Hyundai គ្មានស្លាកលេខ ។

ចំណែកលោក មិន រ៉ាវី អនុរដ្ឋលេខាធិការដ្ឋាន តំណាងលោក សេង ឈួ បានឲ្យដឹងថាក្រោយពីធ្វើថ្លឹងរថយន្តទាំងនោះឃើញថា ក្នុងមួយរថយន្តលើសទម្ងន់កំណត់រហូតដល់ ២០ តោន ហើយខាងជំនាញបានផាកពិន័យទៅតាមច្បាប់ ដោយ ក្នុងមួយរថយន្ត ៦ លានរៀល និងអប់រំណែនាំកុំឲ្យដឹកលើសទំងន់កំណត់តទៅទៀត រួចដោះលែងវិញ ៕ ស្រ៊ុន សិដ្ឋ


ចែករំលែក៖