ព័ត៌មានទាន់ហេតុការណ៍៖

ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាញ់ប្រហារប៉ុនប៉ងមនស្សឃាត

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យបាញ់ប្រហារយ៉ាងសាហាវកាលថ្ងៃទី២៨ ខែកក្កដា ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក​ ខេត្តមណ្ដលគិរី។

សេចក្តីរាយការណ៏ថា កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌសហការជាមួយអធិការដ្ឋាននគរបាលស្រុកកោះញែក ប៉ុស្តិ៍សុខសាន្ត និងប៉ុស្តិអរ៤លើ បានស្រាវជ្រាវ បង្ក្រាបករណីប៉ុនប៉ងឃាតកម្ម ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១ និង២៧ នាទី នៅចំណុចខ្ទមចាំស្រែអូណំ ស្ថិតក្នុងភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ។

សេចក្តីរាយការណ៍បន្តថា ក្រោមការដឹកនាំផ្ទាល់ពីលោកព្រះរាជអាជ្ញាររងសាលាដំបូងខេត្ត នឹងក្រោមការបញ្ជារបស់លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញឹន ក្លិ ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិភ្នង មុខរបរកសិករ និងបាននាំទៅឆែកយកអាវុធដែលលាក់ទុកនៅជិតខ្ទមស្រែរបស់ជនសង្ស័យផងដែរ ។

សមត្ថកិច្ចបានឆែកឆេរចាប់យកបានអាវុធ AK47 ចំនួនមួយដើមដើម្បីយកទៅធ្វើកោលស្យវិច្ឆ័យ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ថា រហូតមកដល់ម៉ោងនេះ ជនសង្ស័យនៅមិនទាន់ឆ្លើយសារភាពពីការប្រព្រឹត្តឹបទល្មើស បណ្តាលមកពីមូលហេតុអ្វី បានជាធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មលើជនរងគ្រោះនៅឡើយទេ។ តែយ៉ាងណាសមត្ថកិច្ចកំពុងតាមជំនាញ ៕ ហេង សូរិយា


ចែករំលែក៖