ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាប្លន់អ្នករត់ម៉ូតូឌុបម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានកម្លាំនគរបាលប៉ុស្តិ៍ព្រែកប្រា ចាប់ខ្លួនក្រោយពីជនសង្ស័យយកកូនកាំបិត ធ្វើសកម្មភាពចាក់អ្នករត់ម៉ូតូឌុប ដើម្បីប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារម្ចាស់ម៉ូតូចាប់កូនកាំបិតជាប់ ហើយស្រែកថាចោរៗ ស្របពេលនោះ កម្លាំងសមត្ថកិច្ចចុះល្បាតក្នុងមូលដ្ឋានទៅដល់ចាប់ខ្លួនបានម្នាក់ រត់រួចម្នាក់កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅចំនុចដីឡូគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះចូវ យ៉ាំងផាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាក ហុងដា C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ 1Z-2544 មានឈ្មោះរី ញ៉ែម ភេទប្រុស អាយុ៥៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
លោកឡូ ភារម្យ នាយប៉ុស្តិ៍នគរបាលព្រែកប្រាបានអោយដឹងថា មុនពេលធ្វើសកម្មភាពប្លន់ជនសង្ស័យមានគ្នា២នាក់បានជួលម៉ូតូឌុបជិះពីផ្សាច្បារអំពៅទៅ បឹងព្រលឹត សង្កាត់ព្រែកប្រា ពេលទៅដល់ដីឡូត៍មួយកន្លែងមានសភាពស្ងាត់ ជនសង្ស័យបានប្រាប់អោយអ្នករត់ម៉ូតូឌុបឈប់ ។ គ្រាន់តែឈប់ភ្លាមជនសង្ស័យម្នាក់បានចុះពីម៉ូតូហើយទាញកូនកាំបិតចាក់ទៅលើអ្នករត់ម៉ូតូតែម្តង ។ តែដោយម្ចាស់ម៉ូតូមានស្មារតីរឹងមាំងក៍យកដៃចាប់កូនកាំបិតជាប់មិនអាចធ្វើសកម្មភាពចាក់ប្រហាទៅលើដងខ្លួនជនរងគ្រោះបាន។
លោកនាយប៉ុស្តិ៍បានបន្តថា បន្ទាប់ពីជនរងគ្រោះចាប់កូនកាំបិតជាប់បានធ្វើអោយជនសង្ស័យកញ្ឆក់កូនកាំបិតទៅវិញបណ្តាលអោយមុតបាតដៃ ភ្លាមនោះជនរងគ្រោះបានកាច់សោម៉ូតូហើយរត់ស្រែកថាចោរៗ ។ ស្របពេលនោះដែរកម្លាំងនគរបាលប៉ុស្តិ៍ចុះល្បាតបានទៅដល់ចេញអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យបានម្នាក់ដកហូតបានកូនកាំបិត១ និងម៉ូតូរបស់ជនរងគ្រោះប្រគល់អោយម្ចាស់វិញ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់តែសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយឡែកម៉ូតូប្រគល់អោយម្ចាស់ដើមវិញក្រោយពីមានការសម្រេចពីលោកព្រះរាជអាជ្ញា ៕ សណ្តោស