បច្ចុប្បន្នរដ្ឋាភិបាលថៃដឹកនាំដោយរដ្ឋាភិបាលយោធា ប្រាយុទ្ធ ចាន់អូចា ត្រូវបាន ក្រុមអ្នកឯកទេសវិភាគ ចាត់ទុកថា ជាការខិតខំដើម្បីបញ្ជប់របបដឹកនាំរបស់ត្រកូលថាក់ស៊ីន ចេញពីរដ្ឋាភិបាលថៃ នឹងមិនឲ្យកើតឡើងជាថ្មីទៀតឡើង។
ចំណុចទាំងនោះហើយបានជារដ្ឋាភិបាល ដាក់បន្ទុកយ៉ាងធ្ងន់ទៅលើលោកស្រី យីងឡាក់ ក៏ដូចជាថ្នាក់ដឹកនាំ របស់ គណបក្សភឿថៃ ។ កន្លងមកអតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់ បានចាត់ទុកខ្លួនឯងថា ជាអ្នករងគ្រោះក្នុងល្បែងនយោបាយ។
លោកស្រីលើកឡើងថា លោកស្រីមិនដែលអនុញ្ញាតអោយមានអំពើពុករលួយទេ ហើយលោកស្រីក៏មិនធ្លាប់បានធ្វើអ្វីមិនល្អដែរ។ ថ្ងៃអង្គារនេះ សកម្មជនគាំទ្រលោកស្រីយីងឡាក់ រាប់រយនាក់បាននាំគ្នាតវ៉ានៅមុខតុលាការកំពូល ក្រុងបាងកកសំដែងការគាំទ្រអោយលោកស្រីយីងឡាក់ឈ្នះក្តីក្តាំ នឹងអាចឡើងមកដឹកនាំប្រទេសដូចពីមុនវិញ។ ក្រុមបាតុករមិនបានខ្វល់នឹងបំរាមរបស់របបសឹកដែលហាមការធ្វើបាតុកម្មនយោបាយទេ។ បំរាមនេះ នៅតែមានជាធរមានតាំងពីមានរដ្ឋប្រហារឆ្នាំ២០១៤ ទំលាក់លោកស្រីយីងឡាក់ មក។
លោកស្រីយីងឡាក់ កំពុងប្រឈមនឹងការកាត់ទោសពីតុលាការ នៅចុងខែសីហា ឆ្នាំ២០១៧ ពីបទធ្វេសប្រហែសក្នុងកម្មវិធីឧបត្ថម្ភអង្ករជួយកសិករកាលពេលលោកស្រីនៅកាន់អំណាច។ លោកស្រីអាចទទួលទោសអោយជាប់ពន្ធនាគារ១០ឆ្នាំ។
លោកស្រីយីងឡាក់ កំពុងរងការចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងកម្មវិធីឧបត្ថម្ភអង្ករជួយកសិករ ក្នុងពេលលោកស្រីកាន់អំណាច។ កម្មវិធីនយោបាយអង្ករនេះ ធ្វើអោយរដ្ឋថៃខាតបង់ថវិកាសន្ធឹកសន្ធាប់ដោយសាររដ្ឋទិញអង្ករពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ហើយអង្ករត្រូវស្តុកទុកចោលមិនអាចលក់ចេញទៅក្រៅបាន។ នៅចុងខែសីហានេះតុលាការថៃ អាចនឹងកាត់ទោសអោយលោកស្រីជាប់ពន្ធនាគារ១០ឆ្នាំបាន។
លោកស្រីសង្ឃឹមថា តុលាការអាចពិនិត្យសំណុំរឿងលោកស្រី ដោយផ្អែកតាមហេតុការណ៍ និងស្ថានការណ៍នយោបាយ កាលពីពេលមុនមិនមែនលើស្ថានការណ៍នយោបាយសព្វថ្ងៃនេះទេ។
គ្រួសារត្រកូលស៊ីណាវ៉ាត់ ដែលតែងទទួលជោគជ័យ ក្នុងការបោះឆ្នោតតាំងពីឆ្នាំ២០០១មក ក៏នៅតែមិនអាចគេចពីសំណាញ់ច្បាប់ថៃ។
បងប្រុសលោកស្រីយីងឡាក់ គឺលោក ថាក់ស៊ីន ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីដែរនោះ ត្រូវបានធ្លាក់ពីអំណាចកាលពីឆ្នាំ២០០៦ ដោយសាររដ្ឋប្រហារដែរ។ លោកថាក់ស៊ីនត្រូវតុលាការកាត់ក្តីអោយជាប់ ពន្ធនាគារ២ឆ្នាំពីបទពុករលួយ។ លោកកំពុងភៀសខ្លួននៅក្រៅប្រទេស។
តុលាការនឹងចេញសាលក្រមក្តីក្តាំ ទាក់ទងប្អូនថ្លៃរបស់លោក ថាក់ស៊ីន គឺលោក សុំឆៃ វង់សាវ៉ាត់។ លោក វង់សាវ៉ាត់ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីក្នុងរយៈពេលខ្លី ក្នុងឆ្នាំ២០០៨។ លោកអាចជាប់ពន្ធនាគារទាក់ទងនឹងការបង្ក្រាបហិង្សាទៅលើចលនាបាតុកម្មក្នុងស្រុក៕ ម៉ែវ សាធី