ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបក្រុមចោរឆក់ដ៏សកម្ម៤នាក់នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុបង្ក្រាបឃាត់ខ្លួនបាន និងដាក់បង្ហាញមុខក្រុមចោរឆក់ដែលតែងតែធ្វើសកម្មភាពឆក់កាបូបស្ពាយទូរស័ព្ទ និងសម្ភារផ្សេងៗយ៉ាងសកម្មពីប្រជាពល រដ្ឋតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ចំនួន៤នាក់ក្នុងចំណោមបក្ខពួក៥នាក់រួមទាំងដកហូតវត្ថុតាងម៉ូតូ២គ្រឿង ។

ជនសង្ស័យទាំងនេះត្រូវបានបង្ហាញមុខ ជាសាធារណៈនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមុនបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ។

លោក ប៊ុន សត្យា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបាន​បញ្ជាក់ថា មុនឈានដល់ការបង្ក្រាបឃាត់ ខ្លួនមុខសញ្ញាក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងរាជ ធានីភ្នំពេញទាំង៤នាក់ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនខាងលើនេះដោយ ជំហានដំបូងកាលពីដើមខែកក្កដា ថ្ងៃទី៥ កន្លងទៅក្រុមជនសង្ស័យទាំង៥នាក់បានជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់យកកាបូប ស្ពាយមានទាំងទូរស័ព្ទ៣គ្រឿងថវិកា៣ ពាន់ដល្លារ និងសម្ភារមួយចំនួនទៀតពីជនរងគ្រោះជាស្ត្រី២នាក់ម្ដាយ-កូនដែលកំពុង ជិះម៉ូតូឌុបគ្នាតាមដងផ្លូវដើម្បីត្រឡប់ទៅ ផ្ទះរហូតបានសម្រេច ហើយក៏រត់គេចខ្លួន បាត់ដោយសុវត្ថិភាព និងបណ្ដាលឲ្យជន រងគ្រោះដួលម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរនៅ មុខសាលាបឋមសិក្សាទួលគោកផ្លូវលេខ២៨៩សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាព ឆក់កាបូបស្ពាយយកទាំងទូរស័ព្ទនិងប្រាក់ដុល្លារបានសម្រេចពីជនរងគ្រោះ២នាក់ ម្ដាយកូនរួចមកនៅថ្ងៃទី៣០ ខែកក្កដាក្រុម ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់បានទៅលេងកម្សាន្ដនៅឯខេត្តព្រះសីហនុស្រាប់ តែត្រូវបានកម្លាំងនគរបាលខេត្តបង្ក្រាបឃាត់ខ្លួនបានភ្លាមៗនៅត្រង់ចំណុចកោះរ៉ុង សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GJ-7421 ហើយក៏ទទួលបានចម្លើយជា តម្រុយខ្លះៗពីជនសង្ស័យដែលបង្ក្រាប បានទើបបន្តប្រតិបត្តិការស៊ើបអង្កេតតាមជំនាញរហូតដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា អាចឈានទៅដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យជាបក្ខពួកបន្ថែម៣នាក់ទៀត និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ សេ៊រីឆ្នាំ២០១៧ គ្មានស្លាកលេខ នៅខាងមុខស្ថានទូតវៀតណាម មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ខណៈបក្ខពួក ម្នាក់ទៀតកំពុងរត់គេចខ្លួន ។

លោកបន្តថា ជនសង្ស័យទាំង៤នាក់ ក៏បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ពួកគេបានធ្វើសកម្មភាពឆក់កាបូបដៃពីជនជាតិអង់គ្លេសម្នាក់ឈ្មោះ John willam Wanmadoocks បានសម្រេចហើយយកបានទូរស័ព្ទម៉ាក iphone6+១គ្រឿងនៅត្រង់ចំណុចខាង មុខវិហារអ៊ិស្លាម ផ្លូវលេខ៨៦ ភូមិ៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញទាំង៤នាក់ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ ហង្ស វីរៈ ហៅប៊ឹប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ, ទី២- ឈ្មោះ រឿន ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៤៧ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូន ពេញ, ទី៣-ឈ្មោះ ឈន ហេងហាក់ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ២៨២ ផ្លូវ៥៩៨ ភូមិ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី៤-ឈ្មោះ សេង សុធារិទ្ធិ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៦១០ សង្កាត់បឹងកក់២ ខណ្ឌទួល គោក។ ឯជនរងគ្រោះទី១-ឈ្មោះ ញឹម តនីតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦២ដេ ផ្លូវលេខ១៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ, ទី២-ឈ្មោះ នូវ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា ក្រោយពីបង្ក្រាបនិងដាក់ បង្ហាញមុខក្រុមជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងដែលដកហូតបានកម្លាំង ការិយាល័យនគរបាលបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ ហេង នរិន្ទ្រ


ចែករំលែក៖