ខេត្តកំពង់ចាម : សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ ហើយក៏បានរាយការណ៍ទៅសម្មត្ថកិច្ចមូលដ្ឋាន។
ការប្រទះឃើញសាកសពខាងលើ កាលពីវេលាម៉ោង០៦ និង២០នាទីព្រឹក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះទុកចោល ដែលជាកម្មសិទ្ធិឈ្មោះ វង្ស ស៊ាងហេង ភេទស្រី អាយុ៤៩ឆ្នាំ ស្ថិតនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា សាកសពជនរងគ្រោះ ឈ្មោះ លាង ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំ ខាងលើ និងបានពិនិត្យសាកសព សមត្ថកិច្ចបញ្ជាក់ថាជាករណីឃាតកម្មពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ និងដោយមានការបំភ្លឺពីសាក្សីនៅក្បែរនោះ បានកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើសបានហើយ តែត្រូវជនសង្ស័យរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ វណ្ណៈ