ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីររៀបចំដែនដីរាជធានីទទួលស្គាល់ថា សំណង់របស់ថៅកែ X2 ពិតជាសង់ល្មើសច្បាប់មែន

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានទទួលស្គាល់ថា សំណង់អគារដ៏ធំមួយស្ថិតនៅតាមផ្លូវលេខ២២២ កែងផ្លូវលេខ៥៥ ដែលកំពុងដំណើរការសាងសង់ជារៀងរាល់ថ្ងៃនេះគឺពិតជាបាន រំលោភច្បាប់ និងចចេសមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចជំនាញភូមិបាលឡើយ ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ដីរាជធានីភ្នំពេញបានថ្លែងថា មន្ត្រីជំនាញ បានដឹងនិងទទួលស្គាល់ថា សំណង់អគារ មួយកន្លែងស្ថិតនៅផ្លូវលេខ២២២កែង ផ្លូវលេខ៥៥ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូន ពេញនេះពិតជាសាងសង់ខុសបច្ចេកទេស និងរំលោភយកដីចិញ្ចើមផ្លូវសាធារណៈ របស់រដ្ឋប្រាកដមែន។ លោកបានបន្តថា កន្លងមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីបានចេញសេចក្តីជូនដំណឹងហាមឃាត់ម្ចាស់សំណង់ខាងលើនេះចំនួន៣លើក ប៉ុន្តែម្ចាស់សំណង់មិនស្តាប់តាមការណែនាំនោះទេ ។

លោក សារិន វណ្ណា បានបញ្ជាក់ថា តាម វិធានការរដ្ឋបាលគឺបើសិនជាម្ចាស់សំណង់ មិនគោរពច្បាប់ និងមិនធ្វើតាមការណែនាំ របស់មន្ទីរជំនាញទេនោះអាជ្ញាធរមូលដ្ឋានមានសិទ្ធិជាដើមបណ្តឹងរៀបចំឯកសារដាក់ទៅតុលាការដើម្បីមានវិធានការតាមផ្លូវច្បាប់។ ចំពោះសំណង់អគារមួយនេះក្រសួង រៀបចំដែនដីក៏ធ្លាប់ចុះទៅពិនិត្យដែរ ប៉ុន្តែហេតុអ្វីបានជាស្ងាត់បែបនេះលោកក៏មិន ដឹងដែរ?

សូមរំលឹកថា សំណង់ដ៏ស្កឹបស្កៃដែលមានកម្ពស់១៣ជាន់ស្ថិតនៅតាមបណ្តោយផ្លូវលេខ២២២កែងផ្លូវលេខ៥៥ ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលត្រូវបានគេរាយការណ៍ឱ្យដឹងថា ជា កម្មសិទ្ធិរបស់ថៅកែX2 កំពុងសាងសង់ រំលោភច្បាប់។ ជាក់ស្តែងសំណង់នេះត្រូវបានសង់ឡើងមិនត្រូវតាមច្បាប់កំណត់ ដោយមិនបានរក្សាទុកទីធ្លាទំនេរនៅជុំវិញអគារ និងរំលោភយកដីចំណីផ្លូវសាធារណៈ របស់រដ្ឋ និងបានធ្វើច្រកចេញចូលរំលោភដល់ចិញ្ចើមផ្លូវតែម្តង ។

ជុំវិញការសាងសង់រំលោភទាំងបំពាន និងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ធ្វើឱ្យប៉ះពាល់ដល់អ្នកថ្មើរជើងគ្មានចំណី ផ្លូវសម្រាប់ដើរងាយនឹងបង្កគ្រោះថ្នាក់អាច ធ្លាក់ចូលបាន ហើយអ្នកបើកបរម៉ូតូនិងជិះកង់វិញងាយនឹងធ្លាក់ចូលក្នុងច្រកនេះដែរ ព្រោះច្រកចូលអគាររំលោភត្រឹមចិញ្ចើមផ្លូវ សាធារណៈតែម្តង ។

អភិបាលខណ្ឌដូនពេញលោក សុខ ពេញវុធ បានប្រាប់ថា សំណង់អគារ X2 នេះមិនរំលោភចំណីផ្លូវឡើយ ប៉ុន្តែលោកមិនស៊ីជម្រៅរឿងកម្ពស់ទេ ពីព្រោះសំណង់ អគារនេះសង់តាំងពីយូរមកម្លេ៉ះ (កាល ជំនាន់លោក សុខ សម្បត្តិ និងលោក គួច ចំរើន ជាអភិបាលខណ្ឌ) រហូតមកត្រឹមលោកជាអភិបាលខណ្ឌសំណង់នេះសង់ រួចប្រហែល៩០ភាគរយទៅហើយ ។

ប៉ុន្តែបើតាមមើលជាក់ស្តែងច្រកចេញចូលទាំង២ត្រូវបានសង់ភ្ជាប់ទៅនឹងទ្រូងផ្លូវ លេខ២២២ និងផ្លូវលេខ៥៥ដោយរំលោភយកចំណីផ្លូវសម្រាប់ថ្មើរជើង។ ច្រកទាំង ២នេះងាយបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើងណាស់ ។

យោងតាមមាត្រា១៧ ច្បាប់ស្តីពីការ រៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ១៩៩៥បាន ចែងថា «មិនអនុញ្ញាតឲ្យសាងសង់បើ គម្រោងសាងសង់នោះប៉ះពាល់ដល់សន្តិសុខសាធារណៈ ប៉ះពាល់ដល់បរិស្ថាន ប៉ះ ពាល់ដល់អនាម័យសាធារណៈ» ៕ ហេង សូរិយា


ចែករំលែក៖