ខេត្តកណ្តាល: មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ សថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១ កញ្ចប់ធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាវ វ៉ាន់ពយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចនគរបាលកំណត់និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានថា ជន សង្ស័យរូបនេះកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះធ្វើ ការស្រាវជ្រាវ រហូតឈានដល់បង្រ្កាបចាប់ ខ្លួនជនសង្ស័យ ខណៈដែលជនសង្ស័យរូបនេះព្យាយាមយកគ្រឿងញៀនដែលជាវត្ថុតាងបោះចោល ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជន សង្ស័យបានសារភាពថា ថ្នាំញៀនមួយ កញ្ចប់ខាងលើនេះពិតជារបស់ខ្លួនប្រាកដ មែន៕ស្អាងជ័យ