ភ្នំពេញ៖ ធ្មេចបើកៗកូនស្រីដែលជាតំណក់ឈាមរួមគ្នារវាងភិន សុដាលីស និងប៉ែន ចំរ៉ុង ពេលនេះមានវ័យជិត១ខួបហើយ។ រហូតមកដល់ពេលនេះប៉ែន ចំរ៉ុងមិនទាន់មានឱកាសមើលមុខកូនផ្ទាល់បានម្តងនៅឡើយចាប់តាំងពីនាងបើកភ្នែកឃើញពន្លឺថ្ងៃមក។
កាលពីអំឡុងខែតុលាឆ្នាំ២០១៦តារាសម្តែង ភិន សុដាលីសបានសម្រាលកូនស្រី ដោយមិនមានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុង។ ក្រោយវិលមករស់នៅជាមួយក្រុមគ្រួសារវិញ ភិន សុដាលីសហាក់ទទួលបានការការលើកទឹកចិត្តច្រើនពីក្រុមគ្រួសារ ដែលសូម្បីតែកូនស្រីនាងក៏ទទួលបានការថ្នាក់ថ្នមយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមគ្រួសាររបស់នាងដែរ។ កូនស្រីរបស់ ភិន សុដាលីស និងប៉ែន ចំរ៉ុងមានឈ្មោះថា Katherina មានអាយុ ប្រហែលជិត១ ឆ្នាំ មានមុខមាត់កាត់ឪពុកបន្តិចម្តាយបន្តិចនេះកាន់តែស្រស់ស្អាតគួរឲ្យស្រលាញ់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស គឺពេលញញឹមថ្ពាល់ខួចទាំងសងខាងនោះ ។
ជាបន្តបន្ទាប់ភិន សុដាលីស បានបង្ហាញរូបថតកូនស្រីរបស់នាង ជាច្រើនសន្លឹក ដោយមានការតុបតែងខ្លួនបែបស្អាតប្លែកៗ សំពត់ខ្លី អាវដៃប៉ោង បូរខៀវ មើលទៅគួរឲ្យខ្នាញ់យ៉ាងខ្លាំង ហើយនាងបានសរសេរ នៅលើគណនេយ្យហ្វេសប៊ុករបស់នាងថា «បែកធ្លាយរូបភាពកូនតុក្កតារបស់ខ្ញុំ សំខាន់ឃើញកាមេរ៉ាមិនបាន សើចហើយចេញស្ទីលមកខ្លួនឯងម៉ង ប៉ិនណាស់យើងហ្នឹង មានដុងណាស់កូន»។ កូនស្រីនាងត្រូវបានក្រុមគ្រួសារចាត់ទុក និងហៅថាជាព្រះនាងតូចនៅក្នុងផ្ទះ និងជាក្មេងស្រីដែលធ្វើឲ្យអ្នកគ្រប់គ្នាក្នុងផ្ទះសប្បាយចិត្តដែរ។ បើទោះបីជា កូនស្រីដែលជាតំណក់ឈាមរួមគ្នាក្តីក៏នាងនៅតែមិនទាន់អនុញាតឲ្យប៉ែន ចំរ៉ុងបានជួបមុខកូនស្រីនៅឡើយព្រោះតែគេដឹងថានាងឆ្អែតចិត្តនឹងសម្តីប៉ែន ចំរ៉ុងគ្រានៅតុលាការ។ទោះជាយ៉ាងណា តាមផ្លូវច្បាប់ក្នុងនាមជាឪពុក ប៉ែន ចំរ៉ុងអាចមានសិទ្ធិក្នុងការទៅមើលថែនិងសាកសួរសុខទុក្ខកូនស្រីរបស់ខ្លួនបាន គេក៏មិនដែលបានលឺថាប៉ែន ចំរ៉ុងទាមទារសិទ្ធិនេះនោះទេ។
គេចាំបានថាកាលពីពាក់កណ្តាលឆ្នាំ២០១៦តារាសម្តែង និងពិធីករប៉ែន ចំរ៉ុង បានដាក់ពាក្យលែងលះភរិយា ភិន សុដាលីសគ្រាដែលនាងមានផ្ទៃពោះ៥ខែមកម្ល៉េះ។ ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថាជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សន៍មុខមហាជនកាលពីគ្រាដែលភិនសុដាលីសរត់ចោលផ្ទះតាមលោកនោះ ៕ វឌ្ឍនា