ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារជាតិនៃកម្ពុជាពង្រឹងការលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ៖ អនុស្សារណៈយោគយល់គ្នាមួយរវាង ធនាគាជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមអក្ខរភាពផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។

កិច្ចសហការរយៈពេល ៣ឆ្នាំនេះ នឹងចាប់ផ្តើមដោយក្រុមហ៊ុន Visa ដែលនឹង គាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការផលិតសៀវភៅអក្ខរកម្មហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» ៣ម៉ឺនក្បាល ដែលនឹងត្រូវចែកចាយនៅតាមសាលារៀននានា។ សកម្មភាពជាបន្តបន្ទាប់នឹងបង្ហាញឲ្យឃើញថាក្រុមហ៊ុន Visa នឹងជួយអភិវឌ្ឍន៍ផែនការអក្ខរកម្មហិរញ្ញវត្ថុរយៈពេល ៥ឆ្នាំ សម្រាប់ប្រទេសកម្ពុជា កម្មវិធីសិក្សាអំពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងការបណ្តុះបណ្តាគ្រូបង្រៀននៅតាមសាលារៀន ដើម្បីឱ្យពួកគាត់អាចចែករំលែកជំនាញអក្ខរកម្មហិរញ្ញវត្ថុជាមួយសិស្សរបស់ខ្លួន។

លោកស្រីជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា «ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដើម្បីកសាងប្រព័ន្ធធនាគារមួយប្រកបដោយចីរភាព។ អក្ខរកម្មផ្នែកហិរញ្ញវត្ថុ គឺជាប្រព័ន្ធការពារដំបូងសម្រាប់អតិថិជនហិរញ្ញវត្ថុ ពីព្រោះនៅពេលដែលអតិថិជនអាចធ្វើសេចក្តីសម្រេចចិត្តបានល្អិតល្អន់ជាងមុន ពួកគាត់អាចការពារខ្លួនគាត់ឲ្យជៀសផុតពីការកេងបន្លំ និងអាចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យប្រសើរជាងមុនតាមរយៈការជ្រើសរើស និងប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុត្រឹមត្រូវ។ ការបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុចំពោះកុមារចាប់ពីអាយុតិច គឺជាវិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពបំផុត ដើម្បីឲ្យពួកគេមានចំណេះដឹងជាមុន និងត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងពេលអនាគត។ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយស្ថាប័នសាធារណៈ និងឯកជន និងភាគីពាក់ព័ន្ធជាច្រើន ក្នុងការអនុវត្តគម្រោងអប់រំផ្នែកហិរញ្ញវត្ថុ។

លោក Sean Preston នាយកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវបានមានប្រសាសន៍ថា៖ «យើងខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដែលស្តីអំពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុជាមួយធនាគារជាតិនៃកម្ពុជា។ យើងខ្ញុំជឿជាក់ថាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់បំផុតសម្រាប់អភិវឌ្ឍបុគ្គល និងសេដ្ឋកិច្ចនោះ គឺចំណេះដឹង។ ដូច្នេះហើយ យើងខ្ញុំរីករាយនឹងសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីអភិវឌ្ឍកម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដែលយើងខ្ញុំជឿជាក់ថាកម្មវិធីនេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស»។

ការជួយគាំទ្ររបស់ក្រុមហ៊ុន Visa ចំពោះយុទ្ធនាការ «តោះ! និយាយពីលុយ» និងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្សេងៗទៀត គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅកាន់កំណើនប្រកបដោយបរិយាប័ន្ន។»

គួរបញ្ជាក់ដែរថាអស់រយៈពេលជាង ២០ឆ្នាំ ក្រុមហ៊ុន Visa បានសហការជាមួយរដ្ឋាភិបាល សាលារៀន ធនាគារ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអភិវឌ្ឍកម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដែលបង្រៀនបុគ្គលអំពីរបៀបចំណាយ ការសន្សំ និងរៀបចំថវិកាប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Visa មានលក្ខណៈងាយស្រួល និងទូលំទូលាយទូទាំងពិភពលោក។ បញ្ហាប្រឈមផ្នែកអប់រំផ្នែកហិរញ្ញវត្ថុ គឺមានភាពខុសៗគ្នា ដូច្នេះហើយទើបក្រុមហ៊ុន Visa បានបង្កើតមាតិកាដែលបំពេញតាមតម្រូវការវប្បធម៌ ភាសា និងភាពស្មុគស្មាញខុសៗគ្នា ដោយមិនគិតពីអាយុ ការអប់រំ ឬភូមិសាស្រ្តឡើយ៕ វឌ្ឍនា


ចែករំលែក៖