ព័ត៌មានទាន់ហេតុការណ៍៖

វត្តមានអាកាសចរណ៍ដឹកទំនិញអន្តរជាតិកាន់តែច្រើនសម្លឹងឃើញទីផ្សារនាំចេញរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ ក្នុងប្រទេសកម្ពុជានឹងជម្រុញឲ្យមានសន្ទុះនៃកំណើន ការនាំចេញតាមអាកាស ខណៈពេលដែលការនាំចេញសរុបនៃប្រទេសនេះមាន៨០ភាគរយគឺជាផលិតផលកាត់ដេរ។ យោងតាមការឲ្យដឹងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជាមើលឃើញការរីកលូតលាត់ជាខ្លាំងនៃ ការនាំចេញតាមអាកាសដល់ទៅ ៣៤ភាគរយ ក្នុងពាក់កណ្តាលឆ្នាំ២០១៧។

លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនកម្ពុជា អ៊ែរផត បាននិយាយប្រាប់សារពត៌មានAsias One ថាកំណើននេះ គឺដោយសារតែស្ថានភាពសេដ្ឋកិច្ចកម្ពុជាល្អ ហើយចំនួនក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចូលមកទីផ្សារច្រើន។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងក្នុងកាសែតភ្នំពេញប៉ុស្តិ៍ថា៖ «ការដឹកទំនិញតាមផ្លូវ អាកាសកើនច្រើនឡើងៗទាំងក្នុងស្រុក និងក្រៅប្រទេស។»ខណៈដែលក្រុមហ៊ុនអាកាសចរណ៍កាថៃធ្លាប់តែជាក្រុមហ៊ុនតែមួយគត់ដែលផ្តល់សេវាដឹកជញ្ជូនទៀងទាត់តាមផ្លូវអាកាសចេញចូលប្រទេសកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិផ្តល់សេវាកម្មដូចគ្នាមិនក្រោម៧ក្រុមហ៊ុននោះទេក្នុងទីផ្សារ។

ក្រុមហ៊ុនអាកាសចរណ៍ធំ២មកពីតំបន់មជ្ឈិមបូព៌ាក៏បោះជំហានចូលក្នុងទីផ្សារកម្ពុជាដែលកំពុងតែរីកធំនេះដែរ។ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតបានចាប់ផ្តើមផ្តល់សេវាកម្មដឹកជញ្ជូនប្រចាំថ្ងៃមួយឈ្មោះថា «អេមីរ៉ាតស្កាយខាហ្គូ» កាលពីខែមេសាឆ្នាំ២០១៦ដែលក្រោយមកទើបមានវត្តមានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតគឺកាតាកាលពីខែមេសាឆ្នាំ២០១៧នេះដែលផ្តល់សេវាកម្មដឹកជញ្ជូនជារៀងរាល់សប្តាហ៍។អេមីរ៉ាតស្កាយខាហ្គូគឺជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតដែលប្រតិបត្តិការដឹកជញ្ជូនទំនិញលំដាប់អន្តរជាតិធំជាងគេនៅក្នុងប្រលានយន្តហោះជាច្រើននៅជុំវិញពិភពលោក។ជាមួយនឹងសេវាកម្មដឹកជញ្ជូនប្រចាំថ្ងៃអេមីរ៉ាតស្កាយខាហ្គូផ្តល់ចំណុះ២០តោនក្នុងការហោះហើរមួយជើងៗនិងមានផ្តល់នូវឯកទេសខ្ពស់ក្នុងការធានានូវគុណភាពផលិតផលមួយចំនួនដែលងាយខូចខាតដោយសារបម្រែបម្រួលសីតុណ្ហភាព។

អនុប្រធានប្រតិបត្តិការពាណិជ្ជកម្មទំនិញសម្រាប់តំបន់អាស៊ីអាគ្នេយ៍និងអូស្រ្តាអាសុីរបស់ក្រុមហ៊ុនអេមីរ៉ាតលោកRavishankarMirleមានប្រសាសន៍ថា៖ «ខ្ទង់៣៤ភាគរយនៃចំណូលពីការដឹកជញ្ជូនរបស់យើងគឺមកពីតំបន់អាស៊ីអាគ្នេយ៍ដែលធ្វើឲ្យខ្ញុំគិតថាប្រទេសកម្ពុជាគឺជាជម្រើសដ៏ល្អដោយសារផលិតកម្មកាត់ដេរនៃប្រទេសនេះទាមទារការដឺកជញ្ជូនដែលមានសមត្ថភាពខ្ពស់និងអាចដឹកទៅទីន្លែងឆ្ងាយៗ។»

បើទោះជាការនាំចេញផលិតផលកាត់ដេរគឺជាគោលដៅចម្បងក្រុមហ៊ុនអេមីរ៉ាតក៏មើលឃើញឱកាសល្អៗផ្សេងទៀតចំពោះទីផ្សារផលិតផលកសិកម្មនិងជលផលដែលងាយខូចដូចជាត្រីជាដើមដែលក្រុមហ៊ុននេះអាចដឹកទៅកាន់ទីក្រុងឌូបៃ។ក្រោយពេលដែលបើកដំណើរការសេវាកម្មដឹកជញ្ជូនអេមីរ៉ាតស្កាយខាហ្គូរួចហើយក្រុមហ៊ុនយក្សមួយនេះក៏បានដាក់សម្ភោធជើងហោះហើរថ្មីប្រចាំថ្ងៃមួយនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញដែលនឹងតភ្ជាប់ប្រទេសកម្ពុជានិងឌូបៃដោយចុះសំចតរយៈពេលខ្លីនៅទីក្រុងយ៉ង់ហ្គោនប្រទេសមីយ៉ាន់ម៉ា៕ វឌ្ឍនា


ចែករំលែក៖