ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រទេសកាតារប្តឹង៤ប្រទេសដែលឡោមព័ទ្ធការដឹកជញ្ជូនរបស់ខ្លួនឡើងទៅកាន់អង្គការWTO

ចែករំលែក៖

កាតារបានសម្រេចប្តឹង ៤ប្រទេសនៅ តំបន់អារ៉ាប់ ឡើងទៅកាន់ អង្គការ ពាណិជ្ជកម្មពិភពលោក WTO ដោយសារ តែប្រទេស ទាំងនោះបានដាក់ទណ្ឌកម្ម ដឹកជញ្ជូនដោយខុសច្បាប់ បំពានសេចក្តី សម្រេចរបស់អង្គការ WTO ស្តីពីពាណិជ្ជ កម្ម ទំនិញ និង សេវាកម្មផ្សេងៗ

ប្រទេសចំនួន៤ដែលរងការប្តឹងនោះគឺប្រទេសសាវឌីអារ៉ាប៊ី អារ៉ាប់រួមបារ៉ែន និង អេហ្ស៊ីប។ ក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម កាតារបានប្រកាសឲ្យដឹងថា កាតារ បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ឡើង ទៅកាន់ WTO ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ពាក់ព័ន្ធ ការដាក់ទណ្ឌកម្មខាង លើ។ កាតារបានចាត់ទុកថា ប្រទេសតំបន់ ឈូងសមុទ្រ បានបំពានទៅលើកិច្ចព្រមព្រៀងរបស់អង្គការ WTO ។

លោក Sheikh Ahmed រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចកាតារ បានឲ្យដឹងថា«ច្បាប់ដាក់ ទណ្ឌកម្ម របស់ ប្រទេសទាំង៤ខាងលើ គឺ បំពានច្បាប់ពាណិជ្ជកម្ម មិនអាចទទួល យកបានឡើយ»។ ប្រទេសទាំង៤ខាងលើបានកាត់ផ្តាច់ទំនាក់ទំនង តាំងពីថ្ងៃទី៥ ខែ មិថុនា នៅពេលដែល ប្រទេសទាំងនោះ បានចោទប្រកាន់កាតារថាជាប្រទេសគាំទ្រក្រុមភេរវកម្ម។

កាលពីចុងសប្តាហ៍កន្លងមក ប្រទេស ជិត​ខាងកាតារ បានប្រកាសថា នឹងត្រៀម លក្ខណៈពិភាក្សា ប្រសិនកាតារសន្យាឈប់ផ្តល់ជំនួយដល់ក្រុមភេរវកម្ម និងជ្រៀត​ជ្រែកចូលប្រទេសផ្សេង និងបំពេញទៅតាមសំណើរបស់ប្រទេសទាំង៤ដែលបានដាក់ចេញ។

ចំណែកកាតារវិញបានច្រានចោលការចោទប្រកាន់ទាំងនោះដោយបានបញ្ជាក់ថា កាតារមិនទទួលយកសំណើទាំងនោះ ឡើយ ព្រោះជារឿងមិនសមហេតុផល បំពានទៅលើប្រទេសដែលមានអធិបតេយ្យភាពបូរណភាព។

នៅពេលនេះកាតារកំពុងតែវាយបកទៅលើប្រទេសដែល បានដាក់ទណ្ឌកម្ម មកលើខ្លួនដោយខុសច្បាប់ ដោយបង្ខំឲ្យប្រទេសទាំងនោះត្រូវតែសងសំណង ជា ច្រើនដល់ការខាតបង់របស់កាតាររយៈ ពេលកន្លងមក ដោយសារតែការបិទ ព្រំដែនគោក ដែនអាកាស របស់ប្រទេស ទាំង៤។ នៅពេលនេះដែរ គេអាចនិយាយ បានថា សាវឌីអារ៉ាប៊ីបានបរាជ័យ ចំពោះ កាតារដោយសារតែ ប៉ះពាល់ដល់អាមេ រិក។

កន្លងមកក្រុមអ្នកវិភាគបានលើកឡើងថា វិវាទនៅក្នុងប្រទេសកាតារ ជិតឈាន ដល់ទីបញ្ចប់ហើយ ក្រោយពេលដែល ប្រទេសនៅតំបន់ឈូងសមុទ្រ បានបរា ​ ជ័យនៅក្នុងការចេញលក្ខខណ្ឌឲ្យកាតារ អនុវត្ត ។ វិវាទទាំងនោះចាប់ផ្តើមចេញពីប្រទេសសាវឌីអារ៉ាប៊ី បានធ្វើឲ្យអាមេរិក ខាតបង់ជាច្រើន ដោយសកម្មភាពអចេតនា របស់សាវឌីអារ៉ាប៊ី។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ពេលកន្លងមកថ្មីៗបានប្រកាសថា លោកនឹងបិទទ្វារ ទីតាំងទ័ពអាកាសរបស់អាមេរិកនៅប្រទេសកាតារ ហើយប្រទេស នៅក្នុងតំបន់ ត្រូវតែសាងសង់ទីតាំងទ័ពអាកាសថ្មីឲ្យអាមេរិក ហើយត្រូវចេញប្រាក់​ទាំងអស់។

នៅពេលដែលអាមេរិកដកទាហានចេញពីប្រទេសកាតារនោះ នឹងមានប្រទេសជាច្រើនទៀតនៅតំបន់ឈូងសមុទ្រ នឹងបើកទ្វារស្វាគមន៍កម្លាំងទាហានអាមេរិកមកឈរជើងនៅទីនោះ ដូចជា អីុរ៉ាក់ អាហ្វហ្គា នីស្ថាន និងស៊ីរីជាដើម។

ជាការពិតណាស់ មន្ទីរបញ្ចកោណមាន ទីតាំងនៅតំបន់ Al Udeid ក្នុងប្រទេស កាតារដែលបានដំណើរការយ៉ាងល្អ។ ការ បិទទ្វារទីតាំងយោធានៅកាតារ ហើយបើក ទីតាំងថ្មីនោះ ប្រាកដជារងផលប៉ះពាល់ យ៉ាងខ្លាំង ។ ទីតាំងយោធារបស់អាមេរិកនៅក្នុងប្រទេសកាតារ មានអំណោយផល យ៉ាងខ្លាំង ដល់ការហោះហើរ នៃយន្តហោះ ចម្បាំងទាំងឡាយរបស់អាមេរិកទៅវាយប្រហារនៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី ដោយប្រើរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ មួយ វិញទៀត ប្រទេសនៅក្នុងតំបន់ឈូងសមុទ្របានអនុញ្ញាតឲ្យ អាមេរិកហោះហើរនៅលើ ដែនអាកាសរបស់ខ្លួនទៀតផង។

ហេតុដូច្នេះហើយទីក្រុង វ៉ាស៊ីនតោនធ្លាក់នៅក្នុងស្ថានភាពពិបាកដោះស្រាយ នៅពេលដែល ប្រទេសសាវឌីអារ៉ាប៊ី ដឹកនាំក្នុងការឡោមព័ទ្ធប្រទេសកាតារ។ ទាំងនោះហើយបានធ្វើឲ្យអាមេរិករងការខាត បង់ ដោយអចេតនារបស់សាវឌីអារ៉ាប៊ី។

ដោយសារតែទីក្រុង ដូហា បដិសេធ នូវសំណើ របស់ប្រទេសក្នុងតំបន់ឈូង សមុទ្រ ទើបធ្វើឲ្យវិបត្តិ អូសបន្លាយជាង មួយខែកន្លងមក និងធ្វើឲ្យទីតាំងយោធា របស់អាមេរិក នៅទីនោះត្រូវបានផ្អាក។

អាមេរិកបានចំណាយប្រាក់ ដល់ទៅ ១៤០ លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីរក្សាទាហាន៩.០០០នាក់នៅទីនោះ។

ពាក់ព័ន្ធ នឹងករណីនោះដែរ ប្រទេសសាវឌីអារ៉ាប៊ីបានបន្ទន់ឥរិយាបថជាមួយកាតារ ដោយអនុញ្ញាតឲ្យមានទំនាក់ទំនងឡើងវិញនូវអាកាសចរណ៍ ។ទីភ្នាក់ងារព័ត៌ មានចិនស៊ីនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ថា អារ៉ាប៊ីសាអ៊ូឌីត បានប្រកាសឲ្យដឹងថា ក្រុមពលរដ្ឋកាតារដែលធ្វើធម្មយាត្រា នឹង ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមអាកាសយានដ្ឋានតែ២គត់ នេះបើតាមសារព័ត៌មាន អនឡាញ Al Jazira បានរាយការណ៍ឲ្យ ដឹងកាលពីថ្ងៃអាទិត្យ។

រដ្ឋមន្ត្រីរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថា ក្រុមធ្វើធម្មយាត្រា និងអ្នក សម្តែងល្ខោន Omra ដែលមកពីប្រទេស កាតារគួរតែមកតាមព្រលានយន្តហោះ ព្រះរាជា Abdulaziz នៅ Jeddah និង ព្រលានយន្តហោះ អ្នកអង្គម្ចាស់ Mohammed bin Abdulaziz នៅ Medina ទាំងពីរ នេះគត់ ។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសឲ្យដឹងកាលពីចុងសប្តាហ៍មុន ដែលថា ពលរដ្ឋកាតារធ្វើធម្មយាត្រា អាចធ្វើដំណើរ បាននៅពីព្រលាននេះ ប៉ុន្តែតាមជើងហោះ ហើរ កាតារ។

សកម្មភាពទាំងនោះគឺជារឿងមួយដ៏ ប្រសើរបំផុត ដែលជាចំណុចឈានទៅរក ការបញ្ចប់វិបត្តិនៅតំបន់ឈូងសមុទ្រ។ ដោយសារតែកាតារមិនព្រមចុះចាញ់ ទើបប្រទេសដែលផ្តាច់ទំនាក់ទំនងនោះបាន កាត់បន្ថយលក្ខខណ្ឌរបស់ខ្លួនទៅលើ កាតារ។

ប្រទេសតំបន់ឈូងសមុទ្របានបន្ទន់ ឥរិយាបថចំពោះប្រទេសកាតារ ដើម្បីតភ្ជាប់ទំនាក់ទំនងឡើងវិញដោយប្រទេសទាំងនោះកាត់បន្ថយលក្ខខណ្ឌ១៣ចំណុច នៅ សល់តែ៦ចំណុចប៉ុណ្ណោះ។ សកម្មភាពទាំងនោះជាសញ្ញាមួយដ៏ល្អប្រសើរដើម្បីបញ្ចប់ការឡោមព័ទ្ធសេដ្ឋកិច្ចប្រទេសកាតារ៕ ម៉ែវ សាធី


ចែករំលែក៖