ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡា SEA Games នៅ Malaysia។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជំនះជាបន្តបន្ទាប់។ បច្ចុប្បន្ន ប្រទេសជាតិយើង ជាពិសេសនៅតាមសាលារៀនគឺមានទីធ្លាហាត់កីឡា និងសំភារៈសម្រាប់ក្មួយៗ សិស្សានុសិស្សហ្វឹកហាត់ទាំងនៅក្នុងទីក្រុង និងតាមជនបទ។ ជានិច្ចជាកាល សម្តេចតេជោ តែងតែជួយ ជំរុញលើកទឹកចិត្តលើវិស័យកីឡាជាបន្តបន្ទាប់ ដូចជាតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាតាមសាលារៀនជាដើម។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកួតប្រជែងក្នុងកំរិតអន្តរជាតិដែលទទួលបាននូវមេដាយជាច្រើនសម្រាប់ប្រទេសជាតិ ។
ក្នុងឱកាសនៃការទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ីខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះបន្ថែមទៀត ។ សម្តេចតេជោ បានបញ្ជាក់ច្បាស់ណាស់ថា ជោគជ័យគឺមិនស្ថិតលើប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ឬប្រទេសធំ ឬ តូចនោះឡើយ សំខាន់ស្ថិតនៅលើការតាំងចិត្តហ្វឹកហាត់ ជាពិសេសកីឡាករ កីឡាការិនីទាំងអស់កុំចាញ់ច្រាបកីឡាករគេ ឬចាញ់ច្រាបប្រទេសគេអោយសោះ សំខាន់គឺសមត្ថភាព និងការតាំងចិត្តរបស់យើង។
ជាមួយគ្នានោះ សម្តេចតេជោហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី គឺ ទី១) ហាមប្រើប្រាស់ថ្នាំលើកថាមពលកម្លាំង ឬសារធាតុញៀនដាច់ខាត។ ទី២) ត្រូវគោរពបទបញ្ជារ និងវិន័យកីឡានីមួយៗអោយបានត្រឹមត្រូវក្នុងពេលប្រកួត ។
មុននឹងបញ្ជាប់ការសំណេះសំណាល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញអោយកីឡាករ កីឡារការីនី ទាំងអស់បានដឹកពីការខិតខំថែរក្សាសន្តិភាពរបសរាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន អាជីវករ ពាណិជ្ជករ មានឱកាសប្រកបរបរទទួលទានដោយគ្មានការភ័យខ្លាច ហើយជាពិសេស យុវជនយុវនារីដែលជាកីឡាករទាំងអស់មានឱកាសបានហ្វឹកហាត់កីឡា នឹងបានទៅចូលរួមប្រកួតនៅលើកឆាកអន្តរជាតិ ជាពិសេសកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ ២០១៧ នេះ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន ២៧៤នាក់ ក្នុងម្នាក់ៗទទួលបាន $500 ។ សម្តេចតេជោ ហ៊ុន សែន បានជូនពរកីឡាករកីឡារិនីទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកួត ព្រមទាំងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ