ព័ត៌មានទាន់ហេតុការណ៍៖

ជនបែកថ្នាំដុតបំផ្លាញផ្ទះម្តាយខ្លួនឯងឥឡូវប៉ូលីសចាប់បានហើយ ក្រោយរត់គេចខ្លួនបានជាង៣ម៉ោង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយក្រុមគ្រួសារជនរងគ្រោះបានតាមរកចាប់ខ្លួនជនអ្នកលួចដុតបំផ្លាញផ្ទះម្តាយបង្កើតរបស់ខ្លួនឯងបានហើយ បន្ទាប់ពីបង្កររួចនិងរត់គេចខ្លួនបានរយៈពេលប្រហែលជាង៣ម៉ោងរួចមក កាលពីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិច្រេសក្នុងសង្កាត់គោកឃ្លាង ។

ការចាប់ខ្លួនជនបង្ករធ្វើឡើងតាមការប្តឹងពីស្រ្តី ឈ្មោះ មាស សុខន អាយុ៥៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនជាប់ចោទឈ្មោះ មាស សីហា ភេទប្រុសអាយុ៣១ឆ្នាំ គ្មានមុខរបរស្នាក់នៅជាមួយម្តាយ ត្រង់ចំណុចផ្ទះកើតហេតុដោយអគ្គីភ័យខាងលើ ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កាលពីម៉ោងប្រហែល៣រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ មានករណីភ្លើងឆេះផ្ទះ (គ្រោះអគ្គីភ័យ)បានកើតឡើងនៅចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង បានបំផ្លាញផ្ទះអស់១ខ្នងសង់អំពីថ្មខាងក្រោមឈើខាងលើ មានទំហំទទឹងប្រវែង៧ម៉ែត្រនិងបណ្តោយ៩ម៉ែត្រ ដំបូលប្រក់ក្បឿង រងការខូចខាតទាំងស្រុងបើទោះបីជាមានរថយន្តរបស់ក្រុមនគរបាលពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ក៏មិនទាន់បានត្រឹមតែទប់ស្កាត់។

នៅក្នុងពេលកំពុងកើតហេតុនោះម្ចាស់ផ្ទះនិងកូនប្រសារបានអះអាងថា គ្រោះអគ្គីភ័យនេះកើតឡើងដោយសារឈ្មោះមាស សីហា ជាអ្នកដុតបំផ្លាញដោយបានលើកហេតុផលថា នៅមុនពេលកើតហេតុបន្តិចឈ្មោះសីហានេះជាអ្នកនៅក្នុងផ្ទះជាមួយមិត្តភ័ក្តរបស់វា ដោយបងថ្លៃចេញទៅរកផឹកកាហ្វេមួយភ្លែតសោះស្រាប់តែមានភ្លើងឆេះផ្ទះហើយឈ្មោះសីហា និងគូរកន រត់គេចខ្លួនបាត់គ្មានដំណឹង។

តាមប្រវត្តិពីស្ត្រីម្ចាស់ផ្ទះនិងបងប្អូនបាន អះអាងថា ឈ្មោះ មាស សីហា នេះងប់ងល់និងការសេព(ជក់)ថ្នាំញៀនប្រដៅមិនស្តាប់ទេ ហើយក៏ធ្លាប់យកទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងច្រើនដងហើយនៅតែមិនឈប់ជាមួយគ្រឿងញៀន។

គេតែងតែទារលុយម្តាយយកទៅចាយវាយគ្មានរបៀប មិនគិតគូររៀនសូត្រនិងរកការងារធ្វើទេខ្ជិលទំនងជាខឹងទារលុយមិនបានដូចបំណងគេក៏ដុតផ្ទះដូច្នេះតែម្តងដោយសារឥទ្ឋិពលស្រវឹងថ្នាំញៀនដែលគេតែងតែលួចជក់ជាញឹកញយនោះ។

ប៉ូលិសនិយថា ឈ្មោះ មាស សីហា នេះមានទោស២ ទី១បទល្មើសបំផ្លាញទ្រព្យសម្បត្តិដោយកាដុតផ្ទះ ទី២ ប្រើប្រាស់(សេព)គ្រឿងញៀនខុសច្បាប់រូបគេក៏បានសារភាពផងដែរ ទើបនគរបាលចាប់ឃុំខ្លួនដើម្បីបញ្ជូនទៅតុលាការ៕ តុង សីហា


ចែករំលែក៖