ខេត្តព្រះសីហនុ៖ សង្ស័យចាញ់សម្បថជាមួយប្រពន្ធថា ឈប់ទាក់ទងជាមួយស្រីញីខាងក្រៅផ្ទះ ប៉ុន្តែបុរសជាប្តីនៅតែលួចទាក់ទងជាមួយស្រីស្នេហ៌ កំរោលចូលរត់ទៅលោតទឹកសម្លាប់ខ្លួនលើកទី3បានសម្រេចដូចបំណង។
សាកសពបុរសម្នាក់នេះត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកសមុទ្រកាលពីម៉ោងប្រមាណ10ព្រឹក ថ្ងៃទី4 ខែសីហា នៅតំបន់ទំនប់រលក ស្ថិតនៅសង្កាត់លេខ1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខទំនប់រលកបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ន ឆុន ភេទប្រុស អាយុ46ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ រស់នៅលើទូកស្រុកកំណើត ភូមិគរ ឃុំដូនគឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រពន្ធឈ្មោះមឿន ហៀប អាយុ39ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ។
មន្ត្រីដដែលបានឲ្យដឹងបន្តថា តាមការនិយាយប្រាប់ពីក្រុមគ្រួសារសពថា ឈ្មោះ ម៉ន ឆុន (សព) នេះបានលោតទឹកសម្លាប់ខ្លួនកាលពីម៉ោង4និង20នាទីទៀបភ្លី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧។
មន្ត្រីដដែលបានឲ្យដឹងទៀតថា យោងតាមការអះអាងពីគ្រួសារសព បុរសរងគ្រោះសង្ស័យកើតជំងឺកំរោលចូល (ចាញ់សម្បថជាមួយប្រពន្ធ ថានឹងឈប់ពាក់ព័ន្ធជាមួយស្រីញីខាងក្រៅផ្ទះហើយ ប៉ុន្តែប្តីគាត់នៅតែបន្តទាក់ទងជាមួយស្រីស្នេហ៌រហូត)។
កន្លងមកបុរសម្នាក់នេះធ្លាប់បានលោតទឹកសម្លាប់ខ្លួនចំនួន2លើករួចមកហើយ តែនៅលើកមុនៗនោះត្រូវគេឃាត់ និងជួយសង្គ្រោះទាន់ពេល។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ ឆ្លាម សមុទ្រ