ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ចេញសែកគ្មានទឹកប្រាជាងក់៤លានដុល្លារទៅឲ្យក្រុមហ៊ុនអ៊ែតវូត ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖ស្ត្រីជាពាណិជ្ជករម្នាក់ ដែលចេញសែកគ្មានទឹកប្រាក់ជាង៤លានដុល្លារអាមេរិកទៅឲ្យក្រុមហ៊ុនអ៊ែតវូត ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

សមត្ថកិច្ច បញ្ជាក់ថា ស្ត្រីរូបនេះឈ្មោះគឹម ចាន់ស្នូរ អាយុ៣១ឆ្នាំ បានត្រូវលោក ឯក សំណាង តំណាងក្រុមហ៊ុន អ៊ែតវូត នាំខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ដើម្បីធ្វើការសាកសួរករណីចេញសែកគ្មានទឹកប្រាក់ចំនួនជាង៤លានដុល្លារអាមេរិក។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរូបនេះបានទិញដែកពីក្រុមហ៊ុនអ៊ែតវូតជាបន្តបន្ទាប់ មានតម្លៃរហូតដល់ជាង៤លានដុល្លារ ហើយពុំបានទូទាត់សងតាមការកំណត់ ទើបខាងក្រុមហ៊ុន តម្រូវឲ្យស្ត្រីរូបនេះចេញសែកយកទៅទូទាត់ជំនួសប្រាក់សុទ្ធវិញ។ ប៉ុន្តែពេលយកសែកទៅបើកនៅធនាគារ ទើបដឹងថា សែកនេះគ្មានទឹកប្រាក់ទេ។

ប្រភពដដែលបានអះអាងថា ចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន ស្ត្រីរូបនេះបានបដិសេធចោល ដោយនិយាយថា នាងបានខ្ចីប្រាក់ក្រុមហ៊ុនដើម្បីយកទៅរកស៊ីដោយឲ្យការប្រាក់ក្នុងមួយខែជាង៥ម៉ឺនដុល្លារអាមេរិក។

ក្រោយមកខាងក្រុមហ៊ុនបានតម្រូវឲ្យនាងចេញសែកទុកជាការធានាបំណុលនេះ ទើបនាងយល់ព្រមចេញឲ្យពោលគឺបានន័យថា ពុំមែនយកសែកយកទៅសម្រាប់បើកប្រាក់ទេ គឺជាសែកសម្រាប់ដាក់ធានាប៉ុណ្ណោះ៕ចេស្តា


ចែករំលែក៖