ព័ត៌មានទាន់ហេតុការណ៍៖

ប្រមូលផ្តុំគ្នាប្រើប្រាសគ្រឿងញៀនត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបាន៥នាក់

ចែករំលែក៖

 

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនមនុស្ស៥នាក់ ក្នុងនោះមានស្រីម្នាក់ ដែលនាំគ្នាទៅប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប៉ូលីសនិយាយថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់នោះ ទី១មានឈ្មោះ យុក នឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជាអ្នកជួញដូរថ្នាំញៀន) ទី២ឈ្មោះ ទឹម រដ្ឋា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិបុរីកម្មករ (ផ្តល់ទីតាំងឲ្យប្រើប្រាស់)ទី៣ ឈ្មោះ ហៃ ឡង់ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៤ឈ្មោះ ស៊្រន់ ពៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៥ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឲ្យដឹងថា មុននិងឃាត់ខ្លួនពួកគេទាំង៥នាក់ខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់ថា ឃើញមានមនុស្សប្រុសស្រីចំនួន៥នាក់កំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ភ្លាមនោះលោកក៏បានដឹកនាំកម្លាំងចុះទៅទីតាំងខាងលើហើយឃាត់ខ្លួនបានជាក់ស្តែងតែម្តង។

ក្រោយពីឃាត់ខ្លួន នគរបាលបាននាំពួកគេមកសាកសួរនិងធ្វើតេស្តិ៍រកសារធាតុញៀនឃើញមានទាំង៥នាក់ ក្នុងនោះមានម្នាក់ឈ្មោះ យុក នឿន បានឆ្លើយសារភាពថា ខ្លួនបានលេបគ្រឿងញៀនចូលក្នុងពោះចំនួន៤កញ្ចប់ហើយព្រឹកថ្ងៃដដែល សមត្ថកិច្ចបាននាំខ្លួនទៅឆែកឆេរផ្ទះជនសង្ស័យរូបនេះនៅម្តុំមុខពេទ្យលោកសង្ឃ ភូមិបុរីកម្មករបន្តទៀត ជាលទ្ធផលរកពុំឃើញមានអ្វីនោះទេ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖