ភ្នំពេញ៖ រថយន្តទ្រុងម៉ាកISUZUរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ខណៈដឹកស្រាបៀរពេញទ្រុងហើយបានបើកបរក្នុងល្បឿនយ៉ាងលឿនជែងរថយន្ត១គ្រឿងទៀត ដែលបើកបរនៅខាងមុខក៏បានរេចង្កូតចុះឡើងៗរួច ក៏ក្រឡាប់ដេកស្ដូកនៅលើផ្លូវ ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបរឬនរណាម្នាក់រងរបួសនោះឡើយ ចំណែកស្រាបៀរនៅក្នុងទ្រុងរថយន្តនោះ ក៏មិនបានជ្រុះនោះដែរ។
ឧប្បត្តិហេតុក្រឡាប់រថយន្តខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់ចំណុចភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តដែលក្រឡាប់នោះម៉ាកSUZU ពណ៏ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2X-0281របស់ក្រុមហ៊ុនស្រាបៀរអង្គរ បានរងការខូចខាតយ៉ាងដំណំ និងបានបង្កឲ្យមានការកកស្ទះចរាចរនៅលើកំណាត់ផ្លូវនោះប្រហែលជាងកន្លះម៉ោងដែរ ទំរាំគេយករថយន្តស្ទូចទៅស្ទូចយករថយន្តនោះចេញពីកន្លែងកើតហេតុរួច។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញរថយន្តដឹកស្រាបៀរមួយគ្រឿងនេះដឹកស្រាបៀរពេញបើកបរធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបន្ថែមល្បឿនជែងរថយន្ត១គ្រឿងទៀតដែលកំពុងបើកបរនៅខាងមុខស្របគ្នា។ ស្រាប់តែរេចង្កូតក្រឡាប់ទាំងកំរោល ដេកស្ដូកនៅលើផ្លូវតែម្ដង ប៉ុន្តែខណៈនោះមិនបានបណ្ដាលឲ្យអ្នកបើកបរមិនបានរងរបួសនោះឡើយ ហើយក៏មិនបានប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវណាម្នាក់នោះដែរ ចំណែករថយន្តនេះបានរងការខូចខាតយ៉ាងដំណំ។ មិនតែប៉ុណ្ណោះបានបង្កឲ្យមានការកកស្ទះចរាចរផងដែរ ហើយក្រោយមកនគរបាល បានយករថយន្តស្ទូចទៅស្ទូចលើកយករថយន្តនោះទៅរក្សាទុក ដើម្បីឲ្យម្ចាស់និងអ្នកបើកបរចូលទៅអប់រំណែកនាំពីការបើកបរតាមច្បាប់ចរាចរផ្លូវគោក៕ ភារ៉ា ដង្កោ