ព័ត៌មានទាន់ហេតុការណ៍៖

កម្មករឡឥដ្ឋម្នាក់ស្រវឹងស្រាឡើងទៅតភ្លើងបណ្តាលឱ្យឆក់ដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់អាយុ២៥ឆ្នាំ ជាកម្មករឡឥដ្ឋ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិដូរ្យតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពី លោកវរៈសេនីយ៍ទោ ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានប្រាប់តាមទូរស័ព្ទ​នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ឱ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌ភ្លាមៗ លោកបានបញ្ជាឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យអំពីមូលហេតុដែលឆក់ជនរងគ្រោះ។

លោកបានបន្តថា ជនរងគ្រោះមាន ឈ្មោះ ហឿន ភក្តី អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិព្រៃសង្គំ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង មុខរបរកម្មករឡឥដ្ឋ បច្ចុប្បន្នស្នាក់នៅបណ្តោះសន្ន ភូមិ ដូរ្យ តន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពីបានធ្វើកោសល្យវិច័យរួចមក កម្លាំងជំនាញ បានសន្និ​ដ្ឋាន​ថា ជនរងគ្រោះ ពិតជាបានផឹកស្រាស្រវឹងហើយ ទៅតខ្សែភ្លើងពីផ្ទះរបស់ប្អូនមកផ្ទះរបស់ខ្លួនឯង បណ្តាលឱ្យឆក់ខ្សែភ្លើងដួលបោកក្បាលទៅលើថ្មបែកក្បាលចំហៀងផ្នែកខាងស្តាំស្លាប់តែម្តង ។ នេះបើតាមការបំភ្លឺពីក្រុមគ្រួសារ ដែលបានប្រាប់់សមត្ថកិច្ច។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យក ធ្វើបុណ្យទៅតាមប្រពៃណីនៅភូមិ ឃុំខាងលើ រួចរាល់ហើយនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖