ព័ត៌មានទាន់ហេតុការណ៍៖

ចង់ស៊ីប្រពន្ធគេ នាងមិនព្រមប្តឹងនគរបាលចាប់ញាត់គុក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានប្រើល្បិចលួងលោមស្ត្រីម្នាក់ ដែលនាងមានប្តីរួចហើយ ប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេច ត្រូវនាងស្រែកឲ្យគេជួយ និងប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនទាន់ពេលវេលា កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង១០នាទី នៅចំណុចក្រុម១ ក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប៉ូលីសបានឲ្យដឹងថា បុរសជាប់ចោទមានឈ្មោះ ប៉េន សុភ័ណ្ឌ អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។ ចំណែកនារីរងគ្រោះឈ្មោះ រ.រ. អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្នាមមុតក្រចកនៅលើក្បាលពោះ លើ ក និងលើភ្នែកខាងឆ្វេង ។

លោក ដួង វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តីទីភ្នំពេញថ្មីបានឲ្យដឹងថា មុនពេលកើតហេតុ កាលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៩ នារីរងគ្រោះបានពឹងជនសង្ស័យខាងលើជាមនុស្សស្គាល់គ្នា និងមានបន្ទប់ជួលនៅជិតគ្នា ឲ្យជូនរូបនាងទៅរកប្តីនៅកន្លែងធ្វើការនៅម្តុំផ្សារធំថ្មី ខណ្ឌដូនពេញ លុះទៅដល់ម្តុំផ្សារធំថ្មី នារីរងគ្រោះ រកប្តីរបស់ខ្លួនមិនឃើញ ពេលនោះទើបនាងបានឲ្យជនសង្ស័យឌុបខ្លួនត្រឡប់មកផ្ទះវិញ ពេលកំពុងធ្វើដំណើរតាមផ្លូវ ជនសង្ស័យបានប្រាប់នារីរងគ្រោះថា ខ្ញុំចូលទៅកន្លែងធ្វើការមួយភ្លេត (កន្លែងកើតហេតុ) ពេលទៅដល់ជនសង្ស័យបានហៅអ្នកធ្វើការសំណង់ជាមួយគ្នា ទៅទិញស្រាបៀរផឹកជាមួយនាងរងគ្រោះ ពេលផឹកស្រាបៀររហូតដល់ម៉ោង២២ និង៣០នាទីយប់ ថ្ងៃ៤ ខែសីហា ឆ្នាំ២០១៧ ដោយមានសភាពស្ងាត់ ជនសង្ស័យបាន និយាយទៅកាន់នារីរងគ្រោះថា មិនបាច់ទៅផ្ទះទេ ពេលនោះនាងរងគ្រោះមិនព្រម តែជនសង្ស័យបានធ្វើសកម្មភាពចាប់អូសដៃនាងរងគ្រោះ ប្រឡេះឡេវខោ និងគំរាមនាងមិនឲ្យស្រែក ។

បន្ទាប់មកនាងរងគ្រោះ និងជនសង្ស័យបាន ប្រតាយប្រតប់គ្នា រួចនាងបានរត់ចេញគេចខ្លួនពីកណ្តាប់ដៃព្រាននារីម្នាក់នោះ។ លុះដល់ម៉ោង៥ និង១០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នាងរងគ្រោះបានជួបប្តី ក៏និយាយប្រាប់ពីដំណើររឿង ដែលកើតឡើងកាលពីពេលយប់ ឲ្យប្តីដឹង និងបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី រហូតដល់ម៉ោង ១៧ និង១០នាទី ថ្ងៃ ខែឆ្នាំដដែល ទើបនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យខាងលើយកមក សាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមច្បាប់ ៕ តុង សីហា


ចែករំលែក៖