ព័ត៌មានទាន់ហេតុការណ៍៖

លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដឹកនាំប្រជុំពិភាក្សាការងារជាមួយបងប្អូនក្រុមការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ

ចែករំលែក៖

​ប្រទេសថៃ​ :​ ​ នៅថ្ងៃអាទិត្យ ទី ៦ សីហា ២០១៧​ លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានដឹកនាំប្រជុំពិភាក្សាការងារជាមួយបងប្អូនក្រុមការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។ កិច្ចពិភាក្សាគឺផ្តោតទៅលើការវាយតម្លៃការងារកន្លងមកនិងរិះរកមធ្យោបាយនានាដើម្បីបង្កើនល្បឿនក្នុងការផ្តល់លិខិតឆ្លងដែននិងលិខិតធ្វើដំណើរជូនដល់បងប្អូនពលករខ្មែរនៅប្រទេសថៃ។

លោក​បណ្ឌិត​បានថ្លែងអំណរគុណដល់លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងបងប្អូនក្រុមការងារទាំងអស់ដែល​បានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងការផ្តល់លិខិតឆ្លងដែននិងលិខិតធ្វើដំណើរដល់ពលករខ្មែរយើងនៅទីនោះ ក៏ដូចជាជួយដោះស្រាយបញ្ហាជាច្រើនជូនដល់ពលករខ្មែរយើងដែលជួបប្រទះនឹងបញ្ហានានាក្នុងពេលកន្លងមក ទោះជាចំនួនមន្ត្រីក្រុមការងារនៅមានកម្រឹតនៅឡើយ។

សូមបញ្ជាក់ដែរថា កន្លងទៅរាជរដ្ឋាភិបាល​បានចាត់វិធានការ ជាច្រើននិងជាបន្តបន្ទាប់ដើម្បីជួយដល់បងប្អូនពលករខ្មែរយើងនៅ​ប្រទេសថៃ ដូចជាការបញ្ជូនមន្ត្រីទៅធ្វើលិខិតឆ្លងដែននិងលិខិតធ្វើដំណើរជូនពលករខ្មែរនៅក្នុងប្រទេសថៃ ការ​បញ្ជូនក្រុមការងារដើម្បីបើកលិខិតឆ្លងដែនជូនពលករខ្មែរយើងនៅទីក្រុងបាងកក និងតាមបណ្តាខេត្តមួយចំនួន ដែលជាលទ្ធផល ក្រុមការងារបានប្រគល់លិខិតឆ្លងដែននិង​លិខិតធ្វើដំណើរជាង ៧ម៉ឺនក្បាលជូនដល់បងប្អូនពលករខ្មែរក្នុងរយៈពេលកន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ​បន្ថែមជាបន្តបន្ទាប់ទៀត ដើម្បីជួយឲ្យការផ្តល់ភាពស្របច្បាប់ជូនបងប្អូនពលករខ្មែរ កាន់តែប្រព្រឹត្តិទៅដោយរលូននិងប្រសិទ្ធភាព។ ជាក់ស្តែងចាប់ពីដើមខែសីហានេះ រាជរដ្ឋាភិបាលបានរៀបចំជាយុទ្ធនាការថ្មីមួយដែលរួមមានវិធានការមួយចំនួនដូចជា៖

១) បន្ថែមចំនួនមន្ត្រីក្រុមការងារដើម្បីជួយបង្កើនល្បឿនក្នុងការបើកចែកលិខិតឆ្លងដែននិងលិខិតធ្វើដំណើរ​

២) បង្កើនក្រុមការងារតាមបណ្តាខេត្តមួយចំនួនដែលមានពលករខ្មែរធ្វើការច្រើន និងសម្រួលនិតិវិធីដើម្បីឲ្យបងប្អូនពលករអាចស្នើសុំនិង ទទួលលិខិតឆ្លងដែននិងលិខិតធ្វើដំណើរនៅខេត្តទាំងនោះ ដោយមិនចាំបាច់ធ្វើដំណើរមកទីក្រុងបាងកក​

៣) រៀបចំក្រុមការងារចុះចែក​លិខិតឆ្លងដែននិងលិខិតធ្វើដំណើរដល់ពលករផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានពលករខ្មែរធ្វើការច្រើន

៤) រៀបចំក្រុមការងារថ្មីដើម្បីទទួលពាក្យស្មើសុំធ្វើលិខិតធ្វើដំណើរថ្មីសម្រាប់ពលករដែលមិនធ្លាប់បានដាក់ពាក្យសុំពីមុនមក។

ដើម្បីកាត់បន្ថយការរង់ចាំរបស់បងប្អូនពលករ ក្នុងយន្តការថ្មីនេះ ក្រុមការងារបាន​រៀបចំលក្ខណៈដើម្បីធ្វើលិខិតធ្វើដំណើរឲ្យបានចប់សព្វគ្រប់និងប្រគល់ជូនបងប្អូនពលករយើងក្នុងថ្ងៃដដែលតែម្តង ដោយមិនចាំបាច់រង់ចាំដូចលើកមុន។

ក្រៅពីនោះគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បានស្នើសុំឲ្យភាគីថៃជួយសម្រួលដល់ការផ្តល់ Stay Permit និង Work Permit ដល់បងប្អូនពលករខ្មែរដែល​បានទទួល​លិខិត​ឆ្លងដែននិងលិខិតធ្វើដំណើរឲ្យបានឆាប់រហ័សផងដែរ៕ ហេង សូរិយា


ចែករំលែក៖