ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទួរីសបើកបោះពួយបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តទួរីសមួយគ្រឿងបើកបោះពួយបុកម៉ូតូជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតនោះឈ្មោះ ផុន សៀងឡេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AL-6901 ។ ចំណែកឯរថយន្តទួរីស ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2D-9471 បើកបរដោយឈ្មោះ ឈុន សាំងនី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដតួរីស បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បួងទៅជើង ដោយល្បឿលឿន ។ លុះបើកដល់ចំណុចកើតហេតុពុំដឹងជាមានឧសគ្គអ្វីនៅខាងមុខ ធ្វើឲ្យអ្នកបើកបររថយន្ដកាច់ចង្កូតទៅឆ្វេងដៃរហូតជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាស្កុបពីជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូបាត់បង់ជីវិត ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរថយន្ដត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានរួមជាមួយមធ្យោបាយពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖