ខេត្តកំពង់ឆ្នាំង៖ ស្រ្តីចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងពេលស្ត្រីទាំងនេះ បានដើរកត់ឆ្នោតនៅតាមផ្ទះ និង ក្នុងផ្សារ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០១៧នៅចំណុចក្នុង” ផ្សារលើ ” ស្ថិតក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលឃាត់ខ្លួនទាំង៣នាក់នោះ ១.ឈ្មោះលីន លីដា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំង, ២.ឈ្មោះ សុខ ស្រីល័ក្ស ភេទស្រី មានទីលំនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង។ ៣.ឈ្មោះ ហូសា វិន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមានក្រដាស់កត់ឆ្នោតកន្ទុយលេខ៩ដុំ ក្រដាស់កាបោនផ្ដាន៤សន្លឹក ទូរស័ព្ទ៣គ្រឿងប៉ិច៤ដើមទឹកលប់១ដើមកាបូបស្ពាយ២ប្រដាប់កឹប៤និងលុយខ្មែរ៤៣៧០០០រៀល។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីទាំង៣នាក់ ដែលជាអ្នកកត់ឆ្នោតនោះ ត្រូវបានសមត្ថកិច្ចឲ្យអប់រំ និងកិច្ចសន្យាបញ្ឈប់សកម្មភាព ឲ្យបានដោះលែងទៅផ្ទះវិញ ៕ ចន្ថា