ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនទឹកស្អាតបន្ទាយមានជ័យជីកផ្លូវជាតិលេខ៥កាត់ផ្លូវដាក់ទុយយោទឹកមានជង្ហុកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យប្រជាពលរដ្ឋអ្នកជិះម៉ូតូ២នាក់ត្រូវរថយន្តបុកស្លាប់ និងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមហ៊ុនទឹកស្អាតបន្ទាយមានជ័យរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា មានការធ្វេសប្រហែសអត់ដាក់ស្លាកសញ្ញាត្រឹមត្រូវជីកផ្លូវជាតិលេខ៥កាត់ទទឹងផ្លូវ ដាក់ទុយយោទឹកមានជង្ហុកបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យប្រជាពលរដ្ឋអ្នកជិះម៉ូតូ២នាក់ បើកគេចចង្ហុកត្រូវរថយន្តបុកស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅកន្លែងតែមួយបន្តបន្ទាប់ ក្នុងហេតុការណ៍២ករណីផ្សេងគ្នាស្ថិតនៅចំណុចនៅចំណុចខាងត្បូងរង្វង់មូលស្រីគ្រប់លក្ខណ៍ប្រហេល២០០ម៉ែត្រ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ការស្លាប់និងរងរបួសប្រជាពលរដ្ឋទាំងនោះបែរជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតបន្ទាយមានជ័យហាក់បីគ្មានការទទួលខុសត្រូវចំពោះវាសនាប្រជាពលរដ្ឋទាំង២នាក់នោះឡើយ។នៅពេលអ្នកសារព័ត៌មានទៅសាកសួរសុំការបំភ្លឺពីប្រធានក្រុមហ៊នទឹកស្អាតនោះពីការជីកផ្លូវបង្កគ្រោះថ្នាក់អាយុប្រជាពលរដ្ឋ ខាងប្រធានក្រុមហ៊ុននិយាយថាសុំបដិសេដ្ឋមិនជួបអ្នកសារព័ត៌មាននោះឡើយ។ការជីកផ្លូវជាតិដាក់ទុយយោទឹកនោះដែរមិនបង្កឲ្យប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋនោះទេថែមទាំងប៉ះពាល់ពាឲ្យខូចផ្លូវជាតិយ៉ាងធ្ងន់ ការជីកផ្លូវនោះដែរក្រុមហ៊ុនមិនបានសុំការអនុញ្ញាតពីអាជ្ញាធរនិងមន្ទីរ សាធារណៈការនិងជញ្ជូនខេត្តនោះឡើយ ពោលគឺក្រុមហ៊ុនធ្វើឡើងតាមតែអំពើចិត្ត។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍ប្រាប់ឲ្យដឹងថាករណីទី១ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ១គ្រឿងម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុអ្នកជិះម៉ូតូបើកបរក្នុងល្បឿនលឿនគេចជង្ហុកជីកផ្លូវដាក់ទុយយោទឹក គ្មានដាក់ស្លាកសញ្ញាត្រឹមត្រូវ ទៅបុករថយន្តម៉ាកស៊ីCRV មួយគ្រឿងធ្វើដំណើរច្រាសទិសគ្នាបណ្តាលឲ្យអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់បាក់ជើង២ទៅ៣កំណាត់។ ជនរងគ្រោះបន្ទាប់មកត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្តដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ស្រុកមង្គលបុរី។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែលឲ្យដឹងទៀតថា នៅវេលាម៉ោង២យប់អធ្រាត្រឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចកើតហេតុខាងលើដដែល មានរថយន្តធុនធំ១គ្រឿងធ្វើដំណើរចេញពីក្រុងសិរីសសោភ័ណឆ្ពោះទៅខេត្តបាត់ដំបង។ លុះធ្វើដំណើរដល់កន្លែងកើតហេតុរថយន្តក៏បានបើកគេចជង្ហុកនោះដដែលហើយរេចង្កូតទៅឆ្វេងដៃ បុកអ្នកជិះម៉ូតូ១គ្រឿងធ្វើដំណើរច្រាសទិសគ្នា អូសអ្នកជិះម៉ូតូជនរងគ្រោះប្រហែល២០០ម៉ែត្រទៅ៣០០ម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។ អ្នកបើករថយន្តបន្ទាប់មកត្រូវបាននគរបាលចរាចរណ៍ខេត្តឃាត់ខ្លួនបាន ។ ជនរងគ្រោះសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

ប្រជាពលរដ្ឋដដែលឲ្យដឹងទៀតថា ការជីកផ្លូវកាត់ទទឹងដាក់ទុយយោទឹកពីសំណាក់ក្រុមហ៊ុនទឹកស្អាតបន្ទាយមានជ័យ គ្មានដាក់ស្លាកសញ្ញាតឲ្យបានត្រឹមត្រូវនោះទេ ក្រោយពីកើតហេតុទើបឃើញសមត្ថកិច្ចយកស្លាកសញ្ញាមកដាក់សំគាល់។ ការជីកផ្លូវកាត់ទទឹកដាក់ទុយយោទឹកពីសំណាក់ក្រុមហ៊ុនទឹកស្អាតបន្តាយមានជ័យនោះដែរ ធ្វើឡើងរយៈពេល៣ថ្ងៃមកហើយមិនទាន់រួចរាល់នោះទេ បុគ្គលិកក្រុមហ៊ុនធ្វើការងារហាក់មិនយកចិត្តទុកដាក់ពីផលប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះឡើយ៕ សំ វិច្ឆិកា


ចែករំលែក៖